អតីតប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney នឹងចាកចេញពីក្លិប DC United ក្រោយពីបានយល់ព្រមលើការព្រមព្រៀងគ្នាមួយដើម្បីក្លាយជាកីឡាករ និងជាគ្រូបង្វឹករបស់ក្លិប Derby County ដែលស្ថិតក្នុងក្របខ័ណ្ឌ Championship។

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២កាលពីថ្ងៃអង្គារ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ទាំងប្រទេស និងក្លិប Manchester United របស់គេនោះ បានចុះហត្ថលេខាលើកុងត្រារយៈពេល១៨ខែ ជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២មួយនេះ ដែលបានឈានទៅប្រកួតវគ្គ Playoff កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់លោក Frank Lampard។

ការចុះហត្ថលេខាជាមួយនឹងអតីតកីឡាករឆ្នើមរូបនេះ បានផ្តល់ផលតបស្នងដល់ក្លិប Derby រួចជាស្រេច។ លោក Mel Morris ដែលជាម្ចាស់ក្លិប បានឲ្យដឹងថា៖ «ទាក់ទងនឹងការចុះហត្ថលេខាជាមួយនឹង Wayne យើងត្រូវបានផ្តល់កុងត្រាផ្នែកឧបត្ថម្ភជាមួយនឹងម្ចាស់ឧបត្ថម្ភលើអាវដ៏សំខាន់របស់យើង»។

Derby ដែលជាម្ចាស់ជើងឯករបស់អង់គ្លេស២សម័យកាល កាលពីឆ្នាំ១៩៧០ បានទទួលផលប្រយោជន៍ នៅពេលដែលមានពាក្យចរចាមអារ៉ាមថា ភរិយារបស់ Rooney គឺនាង Colleen មិនសប្បាយចិត្តក្នុងការរស់នៅសហរដ្ឋអាមេរិក និងចង់វិលត្រឡប់មកផ្ទះវិញ។ Rooney ដែលបច្ចុប្បន្នតែធ្វើការដើម្បីទទួលបានលិខិតទទួលស្គាល់ពីអាជីពជាគ្រូបង្វឹករបស់គេ នឹងធ្វើការក្រោមការដឹកនាំរបស់លោក Phillip Cocu អតីតគ្រូបង្វឹករបស់ក្លិប PSV Eindhoven៕
ប្រភពព័ត៌មាន៖ Channel News Asia