ក្លិប Tottenham កំពុងតែត្រៀមកញ្ចប់ថវិកាចំនួន៧០លានអឺរ៉ូ (ស្មើនឹង៧៨,៤លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធ Paulo Dybala ពីក្លិប Juventus ហើយក៏ទទួលបានឱកាសក្នុងការចុះហត្ថលេខាជាមួយនឹងតារាឆ្នើម Coutinho ពីក្លិប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។ ក្លិប Juventus របស់ក្របខ័ណ្ឌ Serie A កំពុងតែមានបំណងក្នុងការលក់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ប៉ុន្តែ ចង់បានតម្លៃខ្លួនដល់ទៅ៧០លានផោន សម្រាប់ Dybala វ័យ២៥ឆ្នាំ។

ប៉ុន្តែ បញ្ហាប្រឈមសម្រាប់ក្លិប Spurs គឺការយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Dybala។ តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ កំពុងតែទទួលបានចំណូលច្រើនជាង៣២,៥ម៉ឺនអឺរ៉ូ ក្នុង១សប្តាហ៍នៅឯក្លិប Juventus នៅមុនពេលកាត់ពន្ធ និងមិនចង់ទទួលបានប្រាក់ចំណូលតិចជាងនេះនៅក្លិប Spurs ឡើយ។ រឿងរ៉ាវដ៏ស្មុគស្មាញមួយទៀតនោះគឺ សិទ្ធិលក់រូបពាណិជ្ជកម្មរបស់គេ ដែលមានតម្លៃថ្លៃ ក៏ដូចជាតម្លៃសេវាសម្រាប់ភ្នាក់ងាររបស់គេ មានចំនួនដល់ទៅ១៣លានអឺរ៉ូ។

Spurs ក៏ជាក្លិបមួយក្នុងចំណោមក្លិបជាច្រើនដែលកំពុងតែពិចារណាថា តើពួកគេគួរតែនាំយកខ្សែបម្រើ Philippe Coutinho ក្នុងលក្ខខណ្ឌខ្ចីជើង ឬយ៉ាងណា។ តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ កំពុងតែពិចារណាទៅលើការផ្ទេរមួយចេញពីក្លិប Barcelona សម្រាប់រដូវកាលថ្មីនេះ ហើយភ្នាក់ងារតំណាងឲ្យកីឡាកររូបនេះ បានទាក់ទងក្លិបធំៗជាច្រើន ក្នុងនោះរាប់បញ្ចូលទាំង Arsenal ដើម្បីពិនិត្យថា មានការចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធរូបនេះ ដែលបានចេញពីក្លិប Liverpool កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន១៤២លានអឺរ៉ូ ឬយ៉ាងណា៕
ប្រភពព័ត៌មាន៖ The Guardian