អ្នកប្រដាល់សកលទម្ងន់យក្ស ខ្មែរ-អាមេរិក Eric Pieroun Pen លើកឡើងក្រោយផ្ដួលជើងខ្លាំងឥណ្ឌូណេស៊ី David Koswara ក្នុងទឹកទី១ ថាសមត្ថភាពខ្លួនពេលនេះរីកចម្រើនជាងមុនទៅទៀត។
កីឡាករ Eric Pen និងមិត្តរួមក្លឹប
Eric Pen បានប្រាប់ Sabay ឲ្យដឹងថា អំឡុងការប្រកួតកាលពីថ្ងៃទី៣ សីហា ២០១៩ នៅឯប្រទេសហ្វីលីពីន នោះគឺរូបគេមានទំនុកចិត្តខ្ពស់ក្នុងការប្រកួត ជាងអ្វីដែលជាផែនការបានរៀបចំមុនការប្រកួតទៅទៀត។ ដូចបានដឹងហើយថា ដៃគូរបស់ខ្លួនមានបទពិសោធប្រកួតច្រើនជាង ប៉ុន្តែ Eric Pen យល់ឃើញថាខ្លួនឯងរឹតតែមានការរីកចម្រើន និងខ្លាំងជាងមុនទៅទៀតបន្ទាប់ពីអាចយកឈ្នះត្រឹម១ទឹកប៉ុណ្ណោះ។
រូបភាពពេលប្រកួតនៅ ហ្វីលីពីន
អ្នកប្រដាល់វ័យ ២៦ឆ្នាំរូបនេះបន្ថែមទៀតថា បើទោះជាការប្រកួតប៉ុន្មានថ្ងៃមុននេះ ជាការប្រកួតធម្មតាមិនមែនការពារខ្សែក្រវាត់ក៏ដោយ ប៉ុន្តែវាជាការប្រកួតសំខាន់ជានិច្ចសម្រាប់ខ្លួន ព្រោះអំឡុងពេលលេងលក្ខណៈ Championship ដូចនេះបើចាញ់អាចគេដក់ខ្សែក្រវាត់ពេលណាមួយ។ បើតាមរូបមន្តប្រកួតរបស់ស្ថាប័ន WBA អំឡុងពេលប្រកួត Champion បែបនេះត្រូវប្រុងប្រយ័ត្នគ្រប់ការប្រកួត។ អ្នកប្រដាល់ដែលមានឪពុកម្ដាយជាខ្មែររូបនេះបញ្ជាក់ផងដែរ នៅប្រកួតបន្ទាប់អាចជាការប្រកួតការពារខ្សែក្រវាត់ ឬជាការប្រកួតដណ្ដើមខ្សែក្រវាត់ផ្សេងៗទៀត។
កីឡាករ Eric Pen ពេលឈ្នះនៅ ហ្វីលីពីន
រំលឹកដែរថា កីឡាករប្រដាល់សកល ខ្មែរ-អាមេរិក Eric Pen ជាអ្នកប្រដាល់អាជីពក្នុងក្លឹប Saigon Sport Club។ ប្រកួតចុងក្រោយរបស់គេកាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា ២០១៩ នៅឯប្រទេសហ្វីលីពីន គឺផ្ដួលកីឡាករ David Koswara ឲ្យបោះបង់ការប្រកួតត្រឹមទឹក១ ប៉ុណ្ណោះ៕ វិដេអូប្រកួត៖
Credit: Sabay.com