ក្លិប Arsenal អាចនឹងធ្វើការពង្រឹងតំបន់ការពាររបស់ខ្លួនជាពិសេស ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នៅមុនពេលទីផ្សារដោះដូរកីឡាករក្នុងក្របខ័ណ្ឌ Premier League បិទនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Kieran Tierney និង David Luiz។
នេះបើយោងទៅតាមការព័ត៌មានផ្សេងៗ។ ខ្សែការពារស្លាបឆ្វេងអន្តរជាតិស្កុតឡេន គឺជាគោលដៅដែលត្រូវទិញចូលជាយូរមកហើយនៅរដូវក្តៅនេះ សម្រាប់ក្លិប Arsenal ដែលកាលពីមុន បានរងនូវការច្រានចោលចំពោះសំណើទាំង២លើករបស់ខ្លួន។ ប៉ុន្តែ ទោះបីជាយ៉ាងណា Tierney ដែលបានអវត្តមានក្នុងពេលក្រុម Celtic បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម CFR Cluj នៅប្រទេសរូម៉ានី កាលពីថ្ងៃពុធ ស្របពេលដែលរូបគេសម្រាកព្យាបាលពីការវះកាត់នោះ នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ក្រោយពីក្លិបទាំង២ បានយល់ព្រមលើតម្លៃខ្លួនក្នុងទឹកប្រាក់ចំនួន២៥លានផោន (ស្មើនឹង៣០,៤លានដុល្លារអាមេរិក)។
នេះបើយោងទៅតាមព័ត៌មានផ្សេងៗ។ ទាក់ទងនឹងការបាត់បង់ លោក Neil Lennon គ្រូបង្វឹករបស់ក្លិប Celtic បានប្រាប់បណ្តាញសារព័ត៌មាន BBC ថា៖ «ខ្ញុំបាននិយាយកាលពី៣ ទៅ៤ថ្ងៃមុនថា វានឹងមិនធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលឡើយ។ ប្រសិនបើរូបគេចាកចេញ គេនឹងទទួលបានការជូនពរពីគ្រប់គ្នា។ រូបគេជាកីឡាករដ៏មានទេពកោសល្យម្នាក់»។ ការស្វែងរកខ្សែការពារកណ្តាលម្នាក់របស់ Arsenal គួរតែអាចដោះស្រាយនៅត្រឹមថ្ងៃនេះ ប្រសិនបើ Luiz បំពេញការផ្ទេររបស់គេពីក្លិប Chelsea៕
ប្រភពព័ត៌មាន៖ Channel News Asia