Barcelona និង Bayern Munich បាន​បញ្ជាក់​ថា​មាន​កិច្ច​ព្រមព្រៀង​គ្នា​រួចរាល់​ហើយ​ក្នុង​ការ​បញ្ជូន​ Philippe Coutinho ទៅ​ក្រុម​ជើងឯក​អាឡឺម៉ង់​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​១​ឆ្នាំ ជាមួយ​នឹង​ជម្រើស​ទិញ​ផ្តាច់។ នេះ​បើ​តាម Goal ទើប​បាន​ចុះ​ផ្សាយ។

អតីត​កីឡាករ Liverpool ហាក់​ត្រូវ​បាន​ក្លឹប​នៅ Premier League មួយ​ចំនួន​ចាប់អារម្មណ៍ ប៉ុន្តែ​លើ​សាច់ការ​ជាក់ស្តែង គ្មាន​ក្លឹប​ណា​មួយ​យក Coutinho ទៅ​ឡើយ ខណៈ​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​បាន​បិទទ្វារ​ហើយ។ ការ​ផ្លាស់​ទៅ Bundesliga ឥឡូវ​នេះ ទំនង​ជា​ដំណើរ​​បន្ទាប់របស់​កីឡាករ​ប្រេស៊ីល ។

ក្រោយ​ក្លឹប​ជើង​ឯក​អេស្ប៉ាញ​ចាញ់ Athletic Bilbao ១-០ នៅ​ប្រកួត​បើកឆាក La Liga ឱកាស​ Coutinho នៅ Barca កាន់​តែ​ខើច។ Coutinho ដែល​មិន​មែន​ស្ថិត​ក្នុង​ជម្រើស​របស់​លោក Ernesto Valverde ស្រាប់​នឹង​កាន់​តែ​អស់​កន្លែង​ឈរ​ជើង​ក្រោយ Antoine Griezmann មក​ដល់។

Guillermo Amor នាយក​ផ្នែក​កីឡាករ​របស់​ក្លឹប Barcelona បាន​និយាយ​ថា “ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​ ពិត​ជា​មាន​កិច្ច​ព្រមព្រៀង​ជា​គោលការណ៍​ក្នុង​ករណី​ខ្ចី Coutinho [ទៅ​ឱ្យ Bayern] មែន”។

Coutinho រក​បាន​២១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៧៦​លើក គិត​​គ្រប់​ការ​ប្រកួត​ទាំង​អស់ ចាប់​តាំង​ពី​ផ្លាស់​មក Barcelona កាល​ពី​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ខ្លួន ១៤២ លាន​ផោន (១៧២ លាន​ដុល្លារ)៕

ប្រភព៖ Goal ប្រែ​សម្រួល៖ សុខ លាងហ៊ត Credit: Sabay