លោក Frank Lampard បានទទួលស្គាល់ថា បញ្ហាអស់កម្លាំងគឺជាកត្តាដ៏ចម្បងមួយ ក្នុងពេលក្រុម Chelsea បានបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើ ១-១ នៅពេលប្រកួតជាមួយនឹងក្រុម Leicester ប៉ុន្តែ គ្រូបង្វឹករបស់ក្រុមតោខៀវមួយនេះ បានទាមទារឲ្យកីឡាកររបស់លោក បង្ហាញពីកម្រិតខ្លាំងបន្ថែមទៀត ខណៈដែលការរង់ចាំសម្រាប់ការឈ្នះជាលើកទី១របស់លោក នៅតែបន្ត។

ក្រោយពីការរងបរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល ៤-០ នៅលើទឹកដីក្រុម Manchester United កាលពីសប្តាហ៍មុន និងការចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីក្រោមស្នាដៃក្រុម Liverpool ក្នុងការប្រកួតពាន UEFA Super Cup កាលពីថ្ងៃពុធ ក្រុមរបស់លោក Lampard បានរកគ្រាប់បាល់នាំមុខមុនតាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Mason Mount។

ប៉ុន្តែ Wilfred Ndidi បានលុបលាងកំហុសដែលនាំឲ្យ Mount រកបានគ្រាប់បាល់ជាលើកទី១របស់គេសម្រាប់ក្រុម Chelsea នៅពេលដែលខ្សែបម្រើអន្តរជាតិនីហ្សេរីយ៉ារូបនេះ បានជួយឲ្យក្រុម Leicester រកបានគ្រាប់បាល់តាមស្មើនៅកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអាទិត្យ។ ការចាប់ផ្តើមយ៉ាងល្អរបស់ក្រុម Chelsea ស្ទើរតែត្រឡប់ទៅជាការខកចិត្តទៅហើយ ខណៈដែលក្រុម Leicester ស្ទើរតែបានរកគ្រាប់បាល់ឈ្នះ។

លោក Lampard បានបញ្ជាក់ថា បញ្ហាអស់កម្លាំងគឺជាផ្នែកមួយនៃបញ្ហានេះ ខណៈដែលក្រុម Chelsea បានរងនូវការអស់កម្លាំងយ៉ាងខ្លាំង បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីជាមួយនឹងក្រុម Liverpool ក្នុងការប្រកួតពាន UEFA Super Cup កាលពីថ្ងៃពុធ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងត្រូវតែបង្ហាញពីកម្រិតខ្លាំងបន្ថែមទៀត។ យើងបានមើលឃើញពីភាពខ្លាំងនោះកាលពីពាក់កណ្តាលមុន ប៉ុន្តែ ថ្ងៃនេះ យើងធ្វើមិនបានបង្ហាញឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia