David Luiz បាននិយាយថា រូបគេបានចាកចេញពីក្លិប Chelsea ដើម្បីចូលរួមជាមួយនឹងក្លិប Arsenal ដោយសារតែមហិច្ឆតា និងដោយសារតែចង់ទទួលបានបទពិសោធក្នុងការប្រជែងថ្មីមួយ។

ខ្សែការពារកណ្តាលវ័យ ៣២ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាលើកទី១របស់គេសម្រាប់ក្រុមកាំភ្លើងធំ ក្នុងពេលពួកគេបានយកឈ្នះក្នុងលទ្ធផល ២-១ លើក្រុម Burnley ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការផ្ទេរនៅថ្ងៃដោះដូរកីឡាករចុងក្រោយ។ Chelsea ដែលបានផ្តួលក្រុម Arsenal ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រនោះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅលើតារាងក្របខ័ណ្ឌលីក កាលពីរដូវកាលមុន ខណៈដែលក្រុម Arsenal បានបញ្ច់ក្នុងចំណាត់ថ្នាក់លេខ៥។

Luiz បានឲ្យដឹងថា៖ «ខ្ញុំគឺជាមនុស្សដែលមានមហិច្ឆតា ហើយនោះហើយគឺជាមូលហេតុដែលខ្ញុំបានផ្លាស់ប្តូរ។ ខ្ញុំចូលចិត្តការប្រជែងថ្មីមួយ និងចូលចិត្តរឿងថ្មីៗក្នុងជីវិតរបស់ខ្ញុំ»។ ខ្សែការពារអន្តរជាតិប្រេស៊ីលរូបនេះ បានបន្ថែមទៀតថា៖ «នោះគឺជាអ្វីដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត និងធ្វើឲ្យខ្ញុំមានការលើកទឹកចិត្ត ហើយខ្ញុំក៏រីករាយជាមួយនឹងពេលវេលានេះដែរ។ ខ្ញុំគួរតែជ្រើសរើសកន្លែងដ៏មានផាសុខភាពមួយ និងរកបានចំណូលដ៏ច្រើន ប៉ុន្តែ ខ្ញុំមិនធ្វើ»។

លោក Frank Lampard អ្នកចាត់ការទូទៅថ្មីរបស់ក្រុម Chelsea បានបញ្ជាក់ប្រាប់ Luiz ថា រូបគេមិនត្រូវបានធានាថា នឹងចូលលេងក្នុងជម្រើសដំបូងជាទៀងទាត់ឡើយ ហើយបន្ទាប់មក បានអនុញ្ញាតឲ្យខ្សែការពារប្រេស៊ីលរូបនេះ ដែលបានឈ្នះពានធំៗ៦លើកជាមួយនឹងក្រុម Chelsea នោះ ចាកចេញដើម្បីចូលរួមជាមួយនឹងក្លិបស្ថិតក្នុងទីក្រុងឡុងដ៍តែ១តែម្តង៕