អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Daniel Sturridge បានផ្ទេរមកចូលរួមជាមួយក្រុមជើងខ្លាំងទួរគី Trabzonspor ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។ កីឡាករវ័យ ២៩ឆ្នាំត្រូវបានម្ចាស់ជើងឯក Champion League អនុញ្ញាតិអោយចាកចេញ នៅរដូវក្តៅបន្ទាប់ពីចំណាយពេល ៦រដូវកាលឆ្នាំនៅ Anfield និងរកគ្រាប់បាល់បាន ៦៧គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១៦០លើក។

អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះបានចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងជាមួយ Manchester City មុនពេលចូលរួមជាមួយក្រុមតោខៀវ Chelsea ក្នុងឆ្នាំ ២០០៩។ ម្ចាស់ជើងឯកទួរគី ៦សម័យកាល Trabzonspor បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងលីកកាលពីរដូវកាលមុន និងត្រូវជួបប្រកួតជាមួយ ក្រុមក្រិក AEK Athens ក្នុងការប្រកួតជម្រុះ Europa League ខណៈដែលពួកគេកំពុងសំលឹងឈានដល់វគ្គ ជម្រុះចែកពូលនៃការប្រកួតពានលំដាប់ទី២ ទ្វីបអឺរ៉ុបនេះបន្តទៀត។