លោក Pep Guardiola បានកោតសរសើរកូនក្រុមគឺខ្សែបម្រើ David Silva ថាជាកីឡាករឆ្នើមម្នាក់ បន្ទាប់ពីកីឡាករអន្តរជាតិអេស្បាញរូបនេះបានរួមចំណែកជួយដល់មិត្តរួមក្រុមរកបាន ៣គ្រាប់ក្នុងការប្រកួតដែលក្រុមភ្ញៀវ Manchester City ផ្តួលម្ចាស់ផ្ទះ Bournemouth ៣:១ នាការប្រកួតកាលពីថ្ងៃអាទិត្យទី២៦ សីហា ២០១៩ ម្សិលមិញនេះ។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះបង្ហាញខ្លួនជាលើកទី៤០០ ហើយសម្រាប់ក្រុម និងបានជួយអោយខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ស៊ុតបញ្ចូលទីគ្រាប់ដំបូង និងបន្តចែកបាល់(Assist)អោយ Raheem Sterling និង Aguero បន្ថែមគ្រាប់ទី២ នៅតង់ទី២ ក្រោយពេល កីឡាករ Wilson របស់ក្រុមម្ចាស់ផ្ទះស៊ុតបាល់ហ្រ្វីឃីកបញ្ចូលទីយ៉ាងស្អាតវាយបកតាមពីក្រោយ ១គ្រាប់វិញនៅតង់ទី១។

Silva អតីតខ្សែបម្រើស្លាបក្រុម Valencia បានបង្ហាញខ្លួនជាលើកទី៤០០ របស់ខ្លួនសម្រាប់ក្រុមមេឃខៀវ Man. City និងបានជួយក្រុមឡើងទៅឈរនៅលេខរៀងទី២ ក្នុងក្របខ័ណ្ឌ Premier League តាមពីក្រោយហង្សក្រហម Liverpool ២ពិន្ទុ។