បាល់ទាត់៖ ​ក្លិប​ FC Bayern Munich ធ្វើ​បាន​សម្រេច​លទ្ធផល​ ៣​ពិន្ទុ​សប្ដាហ៍​ទី​២​ នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អាល្លឺម៉ង់​ Bundeliga​ ក្រោយ​បំបាក់​ ​Schalke 04 ដោយ​លទ្ធផល​ ៣–០​ ខណៈ​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ Roberto Lewandoski​ ធ្វើ​បាន​សម្រេច​គ្រាប់​បាល់ ​៣​គ្រាប់​ម្នាក់ឯង​យ៉ាង​អស្ចារ្យ​ផង​ដែរ​នៅ​ក្នុង​ការប្រកួត​នេះ​។

​​គ្រាប់​បាល់​ទាំង​៣ ​របស់​កីឡាករ Robert Lewandoski​ ធ្វើ​បាន​សម្រេច​នៅ​នាទី​ទី​២០ ​ដោយ​គ្រាប់​បាល់​ពិន័យ​ ១១​ម៉ែត្រ ​ខណៈ​គ្រាប់​ទី​២ ​ធ្វើ​បាន​នៅ​នាទី​ទី​៥០​ និង​គ្រាប់​បាល់​ចុងក្រោយ​សម្រេច​បាន​នៅ​នាទី​ទី​៧៥​ ដែល​នាំ​ឱ្យ​នេះ​ជា​ការ​ធ្វើ​បាន​សម្រេច​គ្រាប់​បាល់ Hat-Trick ជា​លើក​ទី​៩ ​ក្នុង​ក្រប​ខណ្ឌ ​Bundesliga​ ខណៈ​ដែល​នេះ​ក៏​ជា​ការ​ទទួល​បាន ​៣​ពិន្ទុ​ដំបូង​យ៉ាង​សំខាន់​របស់​គ្រូ​បង្វឹក ​Niko Kovac ​ខណៈ​ដែល​សប្ដាហ៍​ដំបូង Bayern Munich បាន​ត្រឹម​ស្មើ ​Hertha Berlin ២–២ ​ប៉ុណ្ណោះ​។​

​គួរ​រម្លឹក​ថា ​ក្រុម​ការពារ​តំណែង​ជើងឯក Bayern Munich នឹង​ត្រូវ​មាន​ភារកិច្ច​ជួប​ជាមួយ​ក្រុម Mainz 05 ជា​បន្ត​ទៀត​នៅចុង​សប្ដាហ៍​នេះ​នា​ទឹកដី​កីឡដ្ឋាន Allianz Arena របស់​ខ្លួន​៕