ប្រភពពីកាសែតអេស្បាញ Mundo Deportivo បានចុះផ្សាយថា PSG បានដាក់សំណើរ ជាផ្លូវការសម្រាប់ Keylor Navas នូវទឹកប្រាក់តម្លៃខ្លួន ១៥លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបអធិរាជស Real Madrid បដិសេធ ព្រោះតែការទាមទារចង់បានតម្លៃខ្លួនអ្នកចាំទីដៃទី២ រូបនេះនៅរង្វង់ទឹកប្រាក់មិនតិចជាង ២០លានយូរ៉ូឯណោះ។

ការពិត Real Madrid មានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះអ្នកចាំទីអន្តរជាតិកូស្តារីកា Navas រូបនេះ ក្រោយពេលដែលគេបានបដិសេធមិនចាកចេញនៅរដូវក្តៅនេះទេ ស្របពេលក្រុមក៏បានអោយកីឡាករអ្នកចាំទី Andriy Lunin បន្តលក្ខណ្ឌខ្ចីជើង ខណៈដែលកិច្ចសន្យាទិញដូរកីឡាករនៅសល់ពេលត្រឹមតែ ១អាទិត្យទៀតប៉ុណ្ណោះ។

ទោះយ៉ាងណាតម្លៃខ្លួនខុសគ្នា តែ ៥លានយូរ៉ូប៉ុណ្ណោះដែលអាចនិយាយបានថាមិនមែនជាឧបសគ្គក្នុងការចរចារនោះទេ ហើយ Real Madrid បានត្រៀមរួចរាល់ដើម្បីនាំយកអ្នកចាំទីដៃទី២ សញ្ជាតិហូឡង់វ័យ ៣៦ឆ្នាំ Maarten Stekelenburg របស់ក្រុម Everton មកកាន់ទឹកដី Santiago Bernabe ប្រសិន Navas ត្រូវថ្លៃ មែននោះ។