Nong-O Gaiyanghadao នឹងឡើងការពារខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion របស់ខ្លួនម្ដងទៀត នាថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ ទល់នឹងកីឡាករវ័យ ២០ឆ្នាំ សញ្ជាតិអាល់ហ្សេរី Brice Delval ក្នុងព្រឹត្តិការណ៍ ONE: IMMORTAL TRIUMPH នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
តើអ្នកប្រដាល់ថៃ វ័យ ៣៣ឆ្នាំរូបនេះ បានចាប់ផ្ដើមអាជីពប្រដាល់ដោយរបៀបណា មុនក្លាយជាម្ចាស់ខ្សែក្រវាត់ នៅស្ថាប័នលំដាប់អន្តរជាតិនេះ?
Nong-O ក្រោយឈ្នះខ្សែក្រវាត់ ONE
Nong-O កើតនៅឆ្នាំ ១៩៨៦ នៅខេត្តសកលនគរ (Sakon Nakhon) ភាគឦសាន ប្រទេសថៃ។ ជិវិតប្រដាល់របស់ Nong-O បានចាប់ផ្ដើមនៅក្លឹបប្រដាល់ដ៏តូចមួយ។ សម្ភារៈក្នុងក្លឹបនោះ មានតែបាវសាក់កញ្ចាស់១ ប្រដាប់ពាក់ដៃឲ្យកីឡាករវ៉ៃ ១គូ និងហ្គង់ពីរបី។ “វាជាក្លឹបប្រដាល់ដ៏តូច ដែលមានអ្នកហាត់តែពីរបីនាក់។ ថ្ងៃមួយ ពេលខ្ញុំដើរកាត់ទីនោះ ខ្ញុំឃើញពូរបស់ខ្ញុំកំពុងហាត់ គាត់ក៏ហៅខ្ញុំចូលទាត់ និងវាយបាវសាក់ ដើម្បីដឹងថាខ្ញុំអាចហាត់បានឬអត់។ ដំបូងឡើយ ខ្ញុំអត់ចូលចិត្តទេ ដូច្នេះខ្ញុំកុហកគាត់ថាខ្ញុំឈឺពោះ”។
Nong-O និងឪពុកម្ដាយ
យ៉ាងណាក្ដី ពូរបស់ Nong-O នៅតែបន្តអូសទាញក្មួយរបស់ខ្លួន ចូលហាត់ដដែល។ ស្របពេលជាមួយគ្នានោះ Nong-O ក៏ត្រូវបានមិត្តភក្ដិ ដែលហាត់នៅទីនោះ ជំរុញចិត្តផងដែរ។ “ប៉ុន្មានថ្ងៃក្រោយពីពូរបស់ខ្ញុំ ឲ្យចូលហាត់សាកល្បងមក មានមិត្តភក្ដិរបស់ខ្ញុំ មកហៅខ្ញុំទៅហាត់ដែរ។ នោះហើយជាការចាប់ផ្ដើមនៃអាជីពរបស់ខ្ញុំ”។
“ពេលខ្ញុំឃើញមិត្តភក្ដិរបស់ខ្ញុំហាត់ ខ្ញុំក៏ចង់សាកល្បងហាត់ដែរ។ ខ្ញុំចង់ហាត់ និងលេងជាមួយពួកគេ ហើយជាពិសេសគឺខ្ញុំអាចធ្វើដំណើរទៅខេត្តផ្សេងជាមួយពួកគេ ពេលពួកគេត្រូវទៅប្រកួត។ ខ្ញុំមិនធ្លាប់បានធ្វើដំណើរឆ្លងខេត្តនោះទេ គឺបានត្រឹមចេញពីផ្ទះ ទៅសាលារៀនប៉ុណ្ណោះ”។ ក្រោយចាប់ផ្ដើមហ្វឹកហាត់ កុមារា Nong-O បានដឹងថាការហាត់មិនស្រួលនោះទេ ប៉ុន្តែអ្វីកុមារារូបនេះភ្ញាក់ផ្អើលចំពោះខ្លួនឯង គឺអារម្មណ៍ដែលចាប់ផ្ដើមស្រលាញ់ប្រដាល់ ប្រឹងជម្នះការលំបាកនានា។
Nong-O ហ្វឹកហាត់នាពេលបច្ចុប្បន្ន
“ខ្ញុំមានអាយុត្រឹម ១០ឆ្នាំប៉ុណ្ណោះ។ ខ្ញុំគិតថាវាពិបាកណាស់ ព្រោះខ្ញុំមិនដែលដឹងអ្វីសោះពីប្រដាល់។ ពេលខ្ញុំឈឺសាច់ ខ្ញុំអត់ឈប់ទេ។ ខ្ញុំឈឺសាច់មែន តែខ្ញុំមិនយំដាច់ខាត។ ខ្ញុំចង់ធ្វើវាឲ្យបាន”។
“ក្រោយខ្ញុំហ្វឹកហាត់បាន១ខែ ពូរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់នឹងរកគូប្រកួតឲ្យខ្ញុំ ក្រោយពីរកគូប្រកួតបាន ខ្ញុំចាប់ផ្ដើមហ្វឹកហាត់រយៈពេល ៣ខែ។ ការប្រកួតទី១ របស់ខ្ញុំ គឺនៅភូមិមួយទៀត ដែលនៅជិតភូមិខ្ញុំដែរ។ ខ្ញុំរំភើបណាស់ព្រោះជាប្រកួតដំបូង ខ្ញុំមិនខ្លាចទេ តែជើងរបស់ខ្ញុំចាប់ផ្ដើមញ័រ ពេលចូលដល់ក្នុងសង្វៀន។ ខ្ញុំអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេ។ ក្រោយចប់ទឹកទី១ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ធម្មតា លែងញ័រ។ ចប់៣ទឹក ខ្ញុំឈ្នះដោយពិន្ទុ ហើយពូរបស់ខ្ញុំ ឲ្យលុយខ្ញុំ ១០០បាត (ជាង ១ម៉ឺនរៀល)”។
ចង់ដឹងកាន់តែច្បាស់ សូមមើលវីដេអូប្រវត្តិ Nong-O ដូចខាងក្រោមនេះ៖
សូមបញ្ជាក់ថា Nong-O ធ្លាប់មានប្រវត្តិប្រកួត ជាង ៣០០ដង ក្នុងនោះ ៤ដងនៅ ONE គឺឈ្នះ ទាំង ៤ដង បានខ្សែក្រវាត់ប្រភេទទម្ងន់ Bantamweight (៦៥,៨គីឡូក្រាម)។ ក្រៅពីខ្សែក្រវាត់នៅ ONE អ្នកប្រដាល់កម្ពស់ ១,៧១ម៉ែត្ររូបនេះ ក៏ធ្លាប់ឈ្នះខ្សែក្រវាត់ Lumpinee ៣ដង និងឈ្នះជើងឯកថ្នាក់ជាតិរបស់ថៃ ២ដងផងដែរ៕
Nong-O ជាគូឯកក្នុងការប្រកួតនៅវៀតណាម ដើមខែក្រោយ
អត្ថបទ៖ ឈិន មិថុនា Credit; Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង