សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញធ្វើការបំភ្លឺភ្លាមៗ បន្ទាប់ពីមានអ្នកគាំទ្រធ្វើការរិះគន់ រឿងរុះរើបដារបស់ពួកគេពីសំណាក់សន្ដិសុខ (ប៉េអឹម) អំឡុងការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអ៊ិរ៉ាក់ កាលពីយប់មិញក្នុងវគ្គជម្រុះ FIFA World Cup 2022។

FFC បានធ្វើការបកស្រាយលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ក្រោមការដឹកនាំពីស្នងការប្រកួតរបស់សហព័ន្ធ កីឡាបាល់ទាត់ពិភពលោក (FIFA) មិនអនុញ្ញាតឲ្យមានបដាផ្សេងៗជៀសវាងករណីនយោបាយ ដោយក្នុងនោះរាល់បដាទាំងអស់នឹងត្រូវកំណត់រុះរើទំាងអស់ រួមមានបដារបស់ក្រុមដែលប្រើប្រាស់ភាសាចិន ក្រុម Ultra Cambodia និងក្រុមកងទ័ពអង្គរ»។

«ក្រោយពីបានរុះរើបដាដែលប្រើភាសាចិនរួច កម្លាំងសន្តិសុខបន្តរុះរើដល់បដារបស់ក្រុមអ្នកគាំទ្រ Ultra Cambodia។ ដោយបានដឹងពីករណីខាងលើនេះ មន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទៅពន្យល់ពី ខ្លឹមសារនៅក្នុងបដារបស់ក្រុមអ្នកគាំទ្រទៅកាន់ស្នងការការប្រកួតដែលមកពី FIFA។ ស្នងការការប្រកួត ដែលមកពី FIFA ក៏អនុញ្ញាតឲ្យប្រើប្រាស់បដាដែលមានខ្លឹមសារ គាំទ្រក្រុមឡើងវិញ»។

«ក្រោមការអន្តរាគមន៍ពីមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចុះទៅជូនដំណឹងដល់ក្រុមអ្នកគាំទ្រ Ultras Cambodia អាចប្រើប្រាស់បដាឡើងវិញបាន។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិតជាមានការសោកស្តាយ ចំពោះករណីភ័ន្តច្រឡំនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមអ្នកគាំទ្រ ជម្រើសជាតិកម្ពុជា មានដូចជាក្រុម Ultras Cambodia ក្រុម Angkor Army ក្រុមអ្នកគាំទ្រផ្សេងៗ និងបងប្អូនទំាងអស់ដែលមានឆន្ទៈមុះមុត គាំទ្រក្រុមជម្រើសជាតិកម្ពុជា ទោះជាក្នុងកាលៈទេសៈណា ក៏ដោយ»។

ទោះបីមានការបកស្រាយបែបនេះក្ដី ក៏មិនអាចធ្វើឲ្យអ្នកគាំទ្រមានការស្ងប់ចិត្ត ដោយពួកគេបានសម្ដែងការ មិនពេញចិត្ត ចំពោះទង្វើខាងលើ។ យ៉ាងណាមិញមន្ដ្រី FFC បានបញ្ជាក់ថា ចំពោះករណីនេះ សហព័ន្ធគោរព តាមគោលការណ៍សហព័ន្ធអន្ដរជាតិ ហើយសហព័ន្ធកីឡាបានចូលរួមសម្របសម្រួលភ្លាមៗផងដែរ ដូច្នេះសហព័ន្ធបានសុំការយោគយល់ពីអ្នកគាំទ្រ តាមរយៈការបកស្រាយខាងលើ។

គួរបញ្ចាក់ថា ចំពោះលទ្ធផលការប្រកួតកាលពីយប់មិញ គឺក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើស ជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ៤-០ ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី ខណៈការប្រកួតនេះ មានអ្នកគាំទ្រចំនួន ៤៨,២៥៨នាក់ បានចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ៕