ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បានស៊ុតបាល់បញ្ចូលទី ខណៈដែលក្រុម Manchester United បានឈានទៅប្រកួតក្របខ័ណ្ឌ Europa League វគ្គ៣២ក្រុមចុងក្រោយដោយងាយ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Partizan Belgrade នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលក្រុម Celtic បានធ្វើឲ្យក្រុម Lazio ស្រឡាំងកាំង ជាមួយនឹងគ្រាប់បាល់ឈ្នះនៅទីក្រុងរ៉ូម ដើម្បីទៅវគ្គបន្ត។

ក្រុម Man United របស់លោក Ole Gunnar Solskjaer បានដឹងថា ការដណ្តើមបានជ័យជម្នះជាលើកទី៣ក្នុងចំណោមការប្រកួត៤លើកនៃពូល L នឹងគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការទៅវគ្គបន្ត។

ខ្សែប្រយុទ្ធ Greenwood វ័យ១៨ឆ្នាំ បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី២២ ជាមួយនឹងការស៊ុតបាល់បំប៉ោងសំណាញ់យ៉ាងល្អ ដើម្បីរកគ្រាប់បាល់ទី៣របស់គេនៃរដូវកាលនេះ និងគ្រាប់បាល់ទី២ក្នុងយុទ្ធនាការនេះ។

ខ្សែប្រយុទ្ធ Anthony Martial បានបន្ថែមគ្រាប់បាល់នាំមុខសម្រាប់ក្រុមខ្លួន ក្រោយពីលេងបានកន្លះម៉ោង ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅមុនពេល Marcus Rashford រកបានគ្រាប់បាល់ទី៣សម្រាប់ក្រុមខ្លួន បន្ទាប់ពីលេងបាន៤នាទីនៅតង់ទី២។

Rashford បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ខ្ញុំគិតថា វាជាការបង្ហាញពីទម្រង់លេងយ៉ាងល្អ ប៉ុន្តែ មានចំណុចជាច្រើនដែលយើងអាចធ្វើឲ្យល្អប្រសើរឡើង។ យើងបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ប៉ុន្តែ យើងគួរតែអាចរកបានគ្រាប់បាល់ច្រើនជាងនេះ»។ ជាមួយគ្នានេះ កីឡាករ Olivier Ntcham បានរកគ្រាប់បាល់ឈ្នះនៅនាទីបន្ថែម ដើម្បីជួយឲ្យក្រុម Celtic កត់ត្រាជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Lazio៕

ប្រភពព័ត៌មាន៖ Channel News Asia