ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុម Liverpool បានបញ្ជាក់ថា រូបគេនឹងមិនផ្លាស់ប្តូររបៀបលេងរបស់គេឡើយ បើទោះបីលោក Pep Guardiola បានចោទប្រកាន់ទៅលើការធ្វើពុតជាដួលក៏ដោយ។

គ្រូបង្វឹករបស់ក្រុម Manchester City រូបនេះ បានលើកឡើងបែបនេះកាលពីចុងសប្តាហ៍មុននេះ នៅពេលដែលខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Mane បានរងពិន័យកាតលឿង បន្ទាប់ពីដួលនៅក្នុងប្រអប់គ្រោះថ្នាក់ បន្ទាប់ពីការប្រជែងដណ្តើមបាល់ពីកីឡាករ Frederic Guilbert របស់ក្រុម Aston Villa។

លោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ Liverpool បានចេញមុខការពារកីឡាកររបស់ខ្លួន ហើយលោក Guardiola បានធ្វើការបន្ធូរបន្ថយកម្តៅផ្សេងៗតាមរយៈការបកស្រាយថា ពួកគាត់បានស្ថិតក្នុងជជែកដ៏យូរអង្វែងមួយ ក្នុងគោលបំណងដែលលោកចង់កោតសរសើរខ្សែប្រយុទ្ធរូបនេះ។

Mane មិនបានបង្ហាញពីអារម្មណ៍ខឹងសម្បារដោយសារតែការរិះគន់របស់លោក Guardiola ខណៈដែលរូបគេជឿជាក់ថា វាពិតជាមានការប៉ះទង្គិចគ្នាមែនដែលបានធ្វើឲ្យរូបគេដួល។

ក្រោយមក រូបគេបានឆ្លើយតបដ៏គួរឲ្យចង់សើចទៅកាន់គ្រូបង្វឹកនៃក្រុម Man City រូបនេះ នៅមុនពេលការប្រកួតរវាងក្រុមទាំង២នាកីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យ ខាងមុខនេះ តាមរយៈការនិយាយថា៖ «ប្រសិនបើវាអាចជាបាល់ប៉េណាល់ទីយ៉ាងច្បាស់ ខ្ញុំនឹងធ្វើជាដួលម្តងទៀត»។

ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ប្រសិនបើការធ្វើជាដួលនោះ ផ្តល់ឲ្យខ្ញុំនូវបាល់ប៉េណាល់ទី ខ្ញុំនឹងធ្វើ។ ហេតុអ្វីមិនអាចធ្វើបាន? ប៉ុន្តែ អ្វីដែលលោក Jurgen បាននិយាយគឺត្រឹមត្រូវ។ ខ្ញុំមិនបានធ្វើជាដួលឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia