បរទេស៖ រាល់អ្វីៗទាំងអស់ ត្រូវបានកំណត់រួចជាស្រេចសម្រាប់ Sadio Mane ដើម្បីក្លាយជាកីឡាករថ្មីរបស់ក្លិប Bayern Munich សម្រាប់រយៈពេល៣រដូវកាលក្រោយ។ ការចរចានានារវាងក្លិបអល្លឺម៉ង់មួយនេះ និងក្លិប Liverpool កំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះ បានឈានដល់ការព្រមព្រៀងគ្នាផ្ទាល់មាត់រួចជាស្រេចជាមួយនឹងក្លិប Bayern។
វាទំនងដូចជានៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នៅមុនពេល Mane ធ្វើដំណើរទៅដល់ទីក្រុង Bayern និងចូលរួមជាផ្លូវការ។ ក្រោយពីបានផ្តល់សំណើក្នុងទំហំទឹកប្រាក់៤០លានអឺរ៉ូ (ស្មើនឹង៤២លានដុល្លារអាមេរិក) សម្រាប់តារាឆ្នើមអន្តរជាតិសេណេហ្គាល់រូបនេះ វាទំនងបង្ហាញថា ក្លិប Bayern បានបញ្ចុះបញ្ចូលក្លិប Liverpool រួចជាស្រេច។
បើទោះបីខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ នៅជាប់កិច្ចសន្យាត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ក្នុងកុងត្រារបស់គេក៏ដោយ ប៉ុន្តែ Mane បានសម្រេចចិត្តចាកចេញ ក្រោយពីចំណាយពេលអស់៦រដូវកាលជាមួយនឹង Liverpool ដែលជាកន្លែងរូបគេបានស៊ុតបាល់បញ្ចូលទី១២០គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៣៨គ្រាប់ផ្សេងទៀត ក្នុងការបង្ហាញខ្លួន២៦៩លើក។ បើយោងទៅតាមអ្នកទំនាញផ្នែកទីផ្សារផ្ទេរលោក Fabrizio Romano តារាឆ្នើម Mane បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ដោយផ្ទាល់មាត់រួចជាស្រេច ជាមួយនឹង Bayern៕
ប្រភពព័ត៌មាន៖ worldsoccertalk