គូឯកប្រចាំកម្មវិធី ONE: EGDE OF DRAGONS នាយប់ថ្ងៃទី ១៦ ខែ វិច្ឆិកា កីឡាករសញ្ជាតិហុល្លង់ Ilias Ennahachi នៅតែរក្សាខ្សែក្រវាត់ ONE Flyweight Kickboxing World Champion របស់ខ្លួន លើកដំបូងបានដដែលក្រោយឈ្នះពិន្ទុមិនឯកច្ឆន្ទយ៉ាងតានតឹងលើកីឡាករម្ចាស់ផ្ទះចិន Wang Wenfeng ឬ ឈ្មោះក្រៅ «Metal Storm»។

ចំណែកកីឡាករគីឡូធ្ងន់មកពីអ៊ុយក្រែន ROMAN KRYKLIA ឈ្នះខ្សែក្រវាត់ ONE LIGHT HEAVYWEIGHT KICKBOXING WORLD CHAMPIONSHIP ដែលជាការបើកឲ្យប្រកួតដណ្ដើមលើកដំបូងបន្ទាប់ពីផ្ដួល TARIK KHBABEZ ឲ្យ សន្លប់នៅទឹកទី២។ កីឡាការិនីឥណ្ឌា Ritu Phogat បង្ហាញខ្លួននៅសង្វៀន ONE លើកដំបូងបានយ៉ាងល្អដោយបញ្ចប់កីឡាការិនីកូរ៉េខាងត្បូង Nam Hee Kim ត្រឹមទឹកទី១។ ជើងខ្លាំងមកពីរុស្សី Jamal Yusupov បំបាក់វីរបុរសរបស់ថៃ Yodsanklai IWE Fairtex ឲ្យចុះចាញ់ត្រឹមទឹកទី២ក្នុងការប្រកួត Muay Thai Catchweight ។

១-Ilias Ennahachi នៅតែជាម្ចាស់ខ្សែក្រវាត់

Ilias Ennahachi និង Wang Wenfeng ពិតជាសក្ដិសមជាគូឯកមែនព្រោះប្រកួតយ៉ាងជក់ចិត្តក្នុងរយៈពេល៥ទឹកពេញ។ គូប្រយុទ្ធទាំងពីរច្រើនតែបម្លាស់ទីនៅកណ្ដាលរេញ ហើយ Wang ដើរចូលសំដៅម្ចាស់ខ្សែក្រវាត់រហូតដើម្បីរកកន្លែងចំណុចផ្ដួលដៃគូក្នុង ៥ ទឹក។ ប៉ុន្តែគួរឲ្យស្ញប់ស្ញែង ម្ចាស់ខ្សែក្រវាត់មកពីហូឡង់ ឆ្មក់កណ្ដាប់ និងទាត់ជើងបានល្អជាង ហើយចំគោលដៅជាងកីឡាករម្ចាស់ផ្ទះចិន ដើម្បីទទួលបានពិន្ទុមានប្រៀបពីចៅក្រមទាំង ៣។ ទីបំផុត Ennahachi នៅតែម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion។ នេះជាជំនួបលើកទី៣ របស់ Ilias និង Wang ក្នុងនោះកីឡាករមកពីហូឡង់ឈ្នះ២ដង ហើយកីឡាករចិនឈ្នះម្ដងប៉ុណ្ណោះ។ Ilias Ennahachi បានថ្លែងក្រោយការប្រកួតថា ៖«ខ្ញុំបានធ្វើការខ្លាំងដើម្បីប្រកួតថ្ងៃនេះ តែវាជាការប្រកួតដ៏តានតឹងមួយ។ ខ្ញុំមិនទាន់ដឹងជួបអ្នកណាទៀតទេ អាស្រ័យអ្នករៀបចំការប្រកួត។ ខ្ញុំសូមអរគុណដល់ ONE Championshipដែលរៀបចំការប្រកួត។ ខ្ញុំអរគុណដល់ប្រជាជនចិន ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ហើយ ខ្ញុំស្រលាញ់រដ្ឋធានីប៉េកាំង»។

២-ROMAN KRYKLIA ឈ្នះខ្សែក្រវាត់ ONE LIGHT HEAVYWEIGHT KICKBOXING WORLD CHAMPIONSHIP

កីឡាករអ៊ុយក្រែន ROMAN KRYKLIA ឈ្នះខ្សែក្រវាត់ ONE LIGHT HEAVYWEIGHT KICKBOXING WORLD CHAMPIONSHIP ដែលជាការបើកឲ្យប្រកួតដណ្ដើមលើកដំបូងបន្ទាប់ពីផ្ដួល កីឡាករកូនកាត់ហូឡង់-ម៉ារ៉ុក TARIK KHBABEZ ឲ្យសន្លប់នៅទឹកទី២។ នេះជាគូឯករងសម្បូរដោយការប្រើកណ្ដាប់ដៃ។ Roman Kryklia បានប្រើបច្ចេកទេសចេញកណ្ដាប់ដៃល្អខ្លាំងដើម្បីផ្ដួល Tarik Khbabez ឲ្យចុះចាញ់ប្រកួតលែងកើត បន្ទាប់ពីការពារហើយម៉ាត់សន្ធាប់ចំៗផ្ទៃមុខ។ មុនឈានដល់អាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី២ Khbabez មិនអាចធ្វើបានល្អទល់នឹង Kryklia តាំងពីទឹកទី១មកម៉្លេះ។

៣-កីឡាការិនីឥណ្ឌា Ritu Phogat ឈ្នះក្នុងការបង្ហាញខ្លួនលើកដំបូង

កីឡាការិនីឥណ្ឌា Ritu Phogat ដែលបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE បានបញ្ចប់កីឡាការិនីកូរ៉េខាងត្បូង Nam Hee Kim ត្រឹមទឹកទី១ ក្នុងកម្មវិធីប្រកួតគុនចម្រុះ។ កីឡាករមកពីឥណ្ឌាគ្រប់គ្រងការប្រកួតបានល្អលើកីឡាការិនីមកពីកូរ៉េខាងត្បូង។ ភ្លាមៗ Phogat ចូលចាប់ផ្ដួល Nam Hee បានយ៉ាងជោគជ័យ និង ស្ថិតក្នុងដងខ្លួនកាត់ទទឹងនៅពីលើកីឡាការិនីកូរ៉េ។ បន្ទាប់មក Phogat ក៏ប្រើដៃឆ្វេងគាបក មុនពេលយកដៃស្ដាំម៉ាត់យកៗពីលើរហូតដល់អាជ្ញាកណ្ដាលបញ្ឈប់តែម្ដង។

៤-វីរបុរសថៃ Yodsanklai IWE Fairtex បាក់ស្បាតរបស់កីឡាកររុស្សី

ជើងខ្លាំងមកពីរុស្សី Jamal Yusupov បំបាក់វីរបុរសរបស់ថៃ Yodsanklai IWE Fairtex ឲ្យចុះចាញ់ត្រឹមទឹកទី២ក្នុងការប្រកួត Muay Thai Catchweight។ ចូលដល់ដើមទឹកទី១ កីឡាករទាំងពីរមានឱកាសស្ទាបស្ទង់គ្នាទៅវិញទៅមក ប៉ុន្តែ អាវុធខ្លីជាងគូប្រកួតរបស់ Yodsanklai ធ្វើឲ្យរូបគេពិបាកចូលជិតណាស់ស្របពេលដែល Jamal អាចធាក់ទប់និងវ៉ៃកាត់បានល្អ។ យ៉ាងណាក្ដីត្រឹម ៣៩ វិនាទីនៅទឹកទី២ ជើងខ្លាំងមកពីរុស្សីវ័យ២៧ឆ្នាំបានប្រើកណ្ដាប់ដៃឆ្វេងមហាទម្ងន់ម៉ាត់ពីរបីដៃជាប់គ្នា ធ្វើឲ្យអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង ក្រោយ Yodsanklai ងើបលែងរួចទោះអាជ្ញាកណ្ដាលរាប់។

លទ្ធផលទាំងអស់ក្នុងកម្មវិធី ONE: EGDE OF DRAGONS
ONE Flyweight Kickboxing World Championship: Ilias Ennahachi ឈ្នះពិន្ទុ Wang Wenfeng ដោយមិនឯកច្ឆន្ទ
ONE Light Heavyweight Kickboxing World Championship: Roman Kryklia ផ្ដួល Tarik Khbabez ឲ្យសន្លប់ទឹក២
Muay Thai Catchweight (73.0kg): Jamal Yusupov ផ្ដួល Yodsanklai IWE Fairtex ឲ្យសន្លប់ត្រឹមដើមទឹកទី១
Mixed Martial Arts Atomweight: Meng Bo ផ្ដួល Laura Balin ឲ្យសន្លប់ទឹក១
Mixed Martial Arts Atomweight: Ritu Phogat ផ្ដួល Nam Hee Kim ឲ្យសន្លប់ទី១
Mixed Martial Arts Strawweight: Jeremy Miado ផ្ដួល Miao Li Tao ឲ្យសន្លប់ទឹក១
Kickboxing Featherweight: Christina Breuer ឈ្នះពិន្ទុ Jorina Baars ដោយមិនឯកច្ឆន្ទ
Mixed Martial Arts Featherweight: Tang Kai ឈ្នះពិន្ទុ Edward Kelly ជាឯកច្ឆន្ទ
Mixed Martial Arts Bantamweight: Yusup Saadulaev ឈ្នះពិន្ទុ Daichi Takenaka ដោយមិនឯកច្ឆន្ទ
Kickboxing Catchweight (73.0kg): Enriko Kehl ផ្ដួល Armen Petrosyan ឲ្យសន្លប់ទឹក២
Mixed Martial Arts Strawweight: Hexigetu ឈ្នះពិន្ទុ Ramon Gonzales ជាឯកច្ឆន្ទ

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: AGE OF GREATNESS នៅថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពីសិង្ហបុរីចាប់ពីម៉ោង ៦:៣០ ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។

អត្ថបទ៖ ស៊ីធី