ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវផ្លាស់ប្តូរគ្រូបង្វឹកម្នាក់ផ្សេងទៀត នៅមុនពេលព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ក្រោយពីតំណែងរបស់លោក Robert Moreno បានស្ថិតក្នុងភាពមិនច្បាស់ កាលពីថ្ងៃចន្ទ បើទោះបីក្រុមរបស់លោកបានបញ្ចប់យុទ្ធនាការជម្រុះរបស់ខ្លួនតាមរយៈការផ្តួលក្រុមជម្រើសជាតិរូម៉ានី ក្នុងលទ្ធផល ៥-០ ក៏ដោយ។

លោក Moreno បានជ្រើសរើសមិនបង្ហាញក្នុងសន្និសីទសារព័ត៌មានរបស់លោក បន្ទាប់ពីការដណ្តើមបានជ័យជម្នះនាកីឡដ្ឋាន Wanda Metropolitano ក្រោយពីមានព័ត៌មានលេចឮនៅមុនពេលការប្រកួតថា លោកនឹងមិនដឹងនាំក្រុមអេស្ប៉ាញ ក្នុងជុំផ្តាច់ព្រ័ត្រ នៅឆ្នាំក្រោយឡើយ។

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ មិនបានបញ្ជាក់ពីតំណែងរបស់លោក Moreno កាលពីថ្ងៃចន្ទឡើយ ប៉ុន្តែ បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃអង្គារថា ការផ្លាស់ប្តូរ នឹងធ្វើប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។

លោក Luis Enrique ដែលបានលាលែងពីតំណែងកាលពីខែមិថុនា ដោយសារតែហេតុផលផ្ទាល់ខ្លួន អាចនឹងវិលត្រឡប់មកវិញ ហើយវានៅតែមិនមានភាពច្បាស់លាស់ថា តើលោក Moreno នឹងពិចារណាក្នុងការវិលទៅកាន់តំណែងក្នុងនាមជាគ្រូបង្វឹកជំនួយរបស់លោកវិញ ឬយ៉ាងណា។ វាមានន័យថា ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្លាស់ប្តូរគ្រូបង្វឹកទី៤របស់ខ្លួន ក្នុងរយៈពេលត្រឹមតែ២ឆ្នាំ៕