ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស និងដាណឺម៉ាក បានឈ្នះកៅអីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ក្រោយពីការធ្លាក់ចេញរបស់ក្រុមជម្រើសជាតិសាធារណៈរដ្ឋអៀរឡង់ កាលពីថ្ងៃចន្ទ ខណៈដែលក្រុមជម្រើសជាតិអ៊ីតាលី របស់លោក Roberto Mancini បានបញ្ចប់យុទ្ធនាការជម្រុះរបស់ខ្លួន តាមរយៈការផ្តួល អាមេនី ៩-១។

ក្រុមជម្រើសជាតិអៀរឡង់ ត្រូវតែយកឈ្នះលើក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងទីក្រុង Dublin ដើម្បីឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអឺរ៉ុប ជុំផ្តាច់ព្រ័ត្រ ដែលមាន២៤ក្រុមមួយនេះ ប៉ុន្តែ គ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករ Matt Doherty ត្រឹមតែអាចជួយឲ្យក្រុមរបស់លោក Mick McCarthy តាមស្មើក្នុងលទ្ធផល ១-១ នាកីឡដ្ឋាន Aviva ប៉ុណ្ណោះ។

ក្នុងការប្រកួតដ៏ស្វិតស្វាញមួយ ក្រុមភ្ញៀវបានជួបការរីករាយ នៅពេលដែលកីឡាករ Martin Braithwaite បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីការបញ្ជូនបាល់របស់កីឡាករ Henrik Dalsgaard នៅនាទី ទី៧៣។

ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិស្វ៊ីស បានឈ្នះកៅអីលេខ១ក្នុងពូល D ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិហ្ស៊ីប្រាល់តា ក្នុងលទ្ធផល ៦-១ ខណៈដែលកីឡាករ Cedric Itten បានស៊ុតបាល់បញ្ចូលទី២គ្រាប់។ ដោយឡែក ប្រធានក្រុម Granit Xhaka របស់ក្លិប Arsenal ក៏បានស៊ុតបាល់បញ្ចូលទីផងដែរ៕

ប្រភពព័ត៌មាន៖ Channel News Asia