ក្រុម Real Madrid និង Barcelona សុទ្ធសឹងបានវាយបកដេញតាមពីក្រោយដើម្បីកត់ត្រាជ័យជម្នះដូចគ្នា ដើម្បីបន្ថែមការមានប្រៀបរបស់ខ្លួននៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga កាលពីថ្ងៃសៅរ៍ ស្របពេលដែល Gareth Bale បានរងនូវការស្រែកចំអកឲ្យ ដោយអ្នកគាំទ្ររបស់ខ្លួន នាកីឡដ្ឋាន Santiago Bernabeu។

Barca បានត្រូវការគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែបម្រើ Arturo Vidal ដើម្បីផ្តួលក្រុមបាតតារាង Leganes ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ ក្រោយពីខ្សែប្រយុទ្ធ Luis Suarez បានតែតបាល់បញ្ចូលទីពីការស៊ុតបាល់ពិន័យ Free-kick របស់ Lionel Messi ដើម្បីតាមស្មើគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Youssef En-Nesyri នៃក្រុម Leganes។

ដោយឡែក ក្រុម Real Madrid បានដេញតាមពីក្រោយ ពេលលេងបានត្រឹមតែ១១០វិនាទីនៅពេលជួបជាមួយនឹងក្រុមឡើងទម្រង់លេង Real Sociedad ប៉ុន្តែ ខ្សែប្រយុទ្ធ Karim Benzema បានរកគ្រាប់បាល់ទី៦របស់គេ ក្នុងការប្រកួត៥លើក នៅមុនពេល Fede Valverde និង Luka Modric បានជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១។

ជាមួយគ្នានេះ ក្រុម Atletico Madrid បានឃ្លាតកាន់តែពីឆ្ងាយពីកំពូលតារាង ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Granada ស្របពេលដែលក្រុម Real Sociedad នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុមកំពូលតារាង៥ពិន្ទុ។

ការវាយបករបស់ក្រុម Real Madrid ត្រូវបានមើលរំលងដោយសារតែការស្រែកចំអកឲ្យ Bale សម្រាប់ការអបអរនៃការរកគ្រាប់បាល់ដ៏ចម្រូងចម្រាស់របស់គេ បន្ទាប់ពីក្រុមជម្រើសជាតិវេលស៍ បានយកឈ្នះលើក្រុមជម្រើសជាតិហុងគ្រី កាលពីសប្តាហ៍មុន៕

ប្រភពព័ត៌មាន៖ Channel News Asia