កំពូលខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតរបស់ពិភពលោក Neymar បានវិលត្រឡប់មកបង្ហាញខ្លួនជួយក្រុម Paris Saint-Germain កាលពីថ្ងៃសុក្រ។ យ៉ាងណាមិញ គ្រូបង្វឹកលោក Thomas Tuchel បានទទួលស្គាល់ថា និងប្រាប់អោយដឹងថាទម្រង់លេងរបស់កីឡាករវ័យ ២៧ឆ្នាំ Neymar រូបនេះ ដែលទើបតែជាសះស្បើយពីរបួសនៅមិនទាន់បានល្អសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងនេះនៅឡើយទេ។

តារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះបានអវត្តមានអស់រយៈពេលមួយខែដោយសារបញ្ហារបួស កំលុងពេលបំពេញកាតព្វកិច្ចអោយក្រុមសាំបាប្រេស៊ីល​ បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង (តែត្រូវបានប្តូរជំនួសដោយខ្សែប្រយយុទ្ធបារាំង Mbappe ក្រោយចូលលេងបាន ៦៥នាទី) សម្រាប់ជំនួបនៅ Ligue១ អោយក្រុមការពារតំណែងជើងឯកបើកទ្វារកីឡាដ្ឋានទទួលស្វាគមន៏ក្រុម Lille។

ស្របពេលខ្សែប្រយុទ្ធអាហ្សង់ទីន Icardi និង Di Maria ជាអ្នករកគ្រាប់បាល់ជ័យជំនះអោយ ក្រុមក្នុងលទ្ធផល ២:0 ដើម្បីបន្តអោយ Paris Saint-Germain នៅកាន់កាប់កំពូលតារាង Ligue១ ដដែល។

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Tuchel បានផ្តល់បទសម្ភាសន៏លើករណ៏ Neymar បន្ថែមថាៈ ទោះយ៉ាងណាក្នុងរយៈពេល ៦៥នាទីរបស់គាត់នៅលើទីលានគាត់មិនបានបង្កើតសក្តានុពលនិង គ្រប់គ្រងការប្រកួតព្រមទាំងប្រើបច្ចេកទេសបញ្ជូនបាល់អោយមិត្តរួមក្រុមបានល្អនៅឡើយទេ ពោលគឺបានត្រឹមតែ ៦៣,៩ភាគរយប៉ុណ្ណោះ។

សម្រាប់សមត្ថភាពដែលគាត់បានធ្វើនៅលើទីលានយ៉ាងណា ខ្ញុំមិនបារម្ភពីទម្រង់លេងរបស់គាត់នៅពេលនេះទេ។ ហើយខ្ញុំមិនរំពឹងអ្វីច្រើនពីគាត់ ក្រោយខកខាន ៦សប្តាហ៍ ព្រោះយើងយល់ថាតម្រូវការពេលវេលានិងការប្រកួត ២ទៅ៣ ដងទៀត ខ្ញុំជឿថាអ្វីៗនិងបានប្រសើរជាងនេះ។

ប្រភព៖ Sportbible