ពិធីប្រគល់ពានរង្វាន់បាល់មាស (Ballon D’or) ឆ្នាំ២០១៩ សម្រាប់កីឡាករឆ្នើម គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២ ខែធ្នូនៅទីក្រុងប៉ារីស ខណៈមានពត៌មានបែកធ្លាយបានចុះផ្សាយថាលទ្ធផលដែលកំពុងនាំមុខគេយ៉ាងប្រផិតប្រផើយ។

កំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona និងខ្សែការពារកណ្តាល Virgil van Dijk របស់ក្រុមហង្សក្រហម អាចនិងឈានដល់ការប្រកួតប្រជែងគ្នាចុងក្រោយគេដើម្បីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពផ្ទាល់ខ្លួនមួយនេះ និងត្រូវធ្វើការប្រារព្ធពិធីនិងប្រគល់ជូនដល់កីឡាករនៅប្រទេសបារាំងនាថ្ងៃទី២ ធ្នូ ២០១៩ខាងមុខ។

កាលពីឆ្នាំមុនខ្សែបម្រើជើងចាស់សញ្ជាតិក្រូអាត កីឡាករ Luka Modric បានបញ្ចប់រជ្ជកាលផ្តាច់មុខដែលបានគ្រប់គ្រងពាននេះរយៈពេល៥ឆ្នាំក្នុងចំណោមពួកគេម្នាក់ៗគឺ Messi និង Cristiano Ronaldo រយៈពេល ១ទសវត្ស ចុងក្រោយនេះ។

ទោះយ៉ាងណាប្រភពពត៌មានពី Mundo Deportivo ចុងក្រោយបានចុះផ្សាយថាកំពូលខ្សែប្រយុទ្ធអាហ្សង់ទីនឹងទទួលបានពានរង្វាន់ Ballon D’Or ជាលើកទី៦ របស់គាត់នៅឆ្នាំនេះ ខណៈដែលរូបគេបានជាប់ឆ្នោតជាកីឡាករឆ្នើម និងម្ចាស់ស្បែកជើងមាស បន្ទាប់ពីរដូវកាលដ៏មមាញឹកជាមួយ Barcelona នាពេលកន្លងមក។