លោក Jose Mourinho បានជួបការវិលត្រឡប់ដែលមិនរីករាយមួយទៅកាន់ក្លិប Manchester United ខណៈដែលខ្សែប្រយុទ្ធ Marcus Rashford បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះ ២-១ លើក្រុម Tottenham ស្របពេលដែលក្រុម Liverpool បានរក្សាការនាំមុខ៨ពិន្ទុដាច់របស់ខ្លួន នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League តាមរយៈការយកឈ្នះលើក្រុម Everton ៥-២។

ក្រុមឈរលេខ២ Leicester បានតាមស្មើកំណត់ត្រាក្នុងការប្រកួតក្របខ័ណ្ឌលីកកំពូលរបស់ខ្លួន តាមរយៈការកត់ត្រាជ័យជម្នះ៧លើកជាប់ៗគ្នា ក្រោយពីបានយកឈ្នះលើក្រុម Watford ក្នុងលទ្ធផល ២-១ ស្របពេលដែលក្រុម Chelsea បានស្តារមុខមាត់ពីការចាញ់ជាប់ៗគ្នារបស់ខ្លួន ដើម្បីផ្តួលក្រុម Aston Villa ក្នុងលទ្ធផល ២-១។

ការរងបរាជ័យជាលើកទី១របស់លោក Mourinho បើគិតចាប់តាំងពីចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្លិប Spurs បានជួយកាត់បន្ថយសម្ពាធលើលោក Ole Gunnar Solskjaer ខណៈដែលក្រុម Man Utd បានឡើងឈរពីលើក្រុម Tottenham ក្នុងចំណាត់ថ្នាក់លេខ៦ លើតារាង។

ខ្សែប្រយុទ្ធ Rashford បានជួយឲ្យក្រុម Man United មានគ្រាប់បាល់នាំមុខមុន ក្រោយពីការបំពេញតួនាទីមិនបានល្អរបស់អ្នកចាំទី Paulo Gazzaniga ខណៈដែលការស៊ុតបាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស បានចូលជ្រុងម្ខាងទី១យ៉ាងល្អ។

បើទោះបីក្រុម Man United បានគ្រប់គ្រងស្ទើរតែទាំងស្រុងនៅរយៈពេល៤៥នាទីដំបូងក៏ដោយ ប៉ុន្តែ Dele Alli បានវាយបក១គ្រាប់វិញសម្រាប់ក្រុមរបស់លោក Mourinho នៅមុនពេល Rashford បានរកគ្រាប់បាល់ឈ្នះឲ្យក្រុមខ្លួនពីការស៊ុតបាល់ប៉េណាល់ទីនៅដើមតង់ទី២៕

ប្រភពព័ត៌មាន៖ Channel News Asia