ក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus បានរងបរាជ័យជាលើកទី១របស់ពួកគេនៅរដូវកាលនេះ កាលពីថ្ងៃសៅរ៍ ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុម Lazio ៣-១ ក្នុងទីក្រុងរ៉ូម ដើម្បីធ្វើឲ្យការប្រជែងពាន Serie A កាន់តែបើកចំហ។

ក្រុមម្ចាស់ការពារតំណែងជើងឯក៨សម័យកាលរបស់លោក Maurizio Sarri នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយតាមពីក្រោយក្រុមកំពុងនាំមុខ Inter Milan ២ពិន្ទុ បន្ទាប់ពីការប្រកួត១៥លើក។ ក្រុមឈរលេខ៣ Lazio បានដេញតាមពីក្រោយក្រុម Juventus ៣ពិន្ទុ បន្ទាប់ពីដណ្តើមជ័យជម្នះជាលើកទី១របស់ពួកគេលើទឹកដីខ្លួនឯង លើក្រុមសេះបង្កង់មួយនេះ បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០០៣។

ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្រុម Juventus រកបានគ្រាប់បាល់នាំមុខមុន នៅកីឡដ្ឋាន Stadio Olimpico នៅពេលដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទី ទី២៥ ប៉ុន្តែ Luiz Felipe បានវាយបកតាមស្មើវិញសម្រាប់ក្រុម Lazio នៅពីមុខអ្នកគាំទ្រចំនួន៦ម៉ឺននាក់។

ខ្សែបម្រើ Juan Cuadrado បានរងពិន័យកាតក្រហមនៅនាទី ទី៦៩សម្រាប់ការប្រព្រឹត្តិកំហុសលើ Manuel Lazzari ខណៈដែលនេះគឺជាចំណុចនៃការប្រែប្រួលលទ្ធផល។ ក្រុម Lazio បានគ្រប់គ្រងការប្រកួតទាំងស្រុង ដើម្បីកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅតែម្តង។ លោក Sarri បានឲ្យដឹងថា៖ «ក្រុម Lazio នឹងប្រជែងពានមែនទេ? ប្រហែលដែរ តែវាអាស្រ័យទៅលើកម្រិតដែលពួកគេនឹងបន្តក្នុងទម្រង់លេងបែបនេះ។ យើងអាចនិយាយថា វានឹងក្លាយជាការប្រជែងរវាងក្រុមខ្លាំង៣ក្រុម»៕

ប្រភពព័ត៌មាន៖ Channel News Asia