បរទេស៖ លោក Erik ten Hag អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ក្លិប Manchester United បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo មិនមែន​សម្រាប់​លក់​ចេញ​ឡើយ បើ​ទោះ​បី​​តា​រា​ឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ បាន​អវត្ត​មាន​ក្នុង​ការ​ប្រកួត​មុន​បើក​រដូវ​កាល​នៅ​ប្រទេស​ថៃ និង​អូស្ត្រាលី ក៏ដោយ​។

Ronaldo បាន​អវត្ត​មាន​ក្នុង​ពេល​ចាប់​​ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹកហាត់ ជា​មួយនឹង​ក្រុម​យក្ស​របស់​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ កាលពីសប្តាហ៍​មុន ដោយ​សារ​តែ​បញ្ហា​គ្រួ​សារ​។ ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​រូប​នេះ មិន​បាន​ធ្វើ​ដំណើរ​សម្រាប់​ការ​ប្រកួត​មុន​បើក​រដូវ​កាល​ឡើយ ខណៈ​ដែល​ព័ត៌មាន​ជា​ច្រើន​បាន​ចេញផ្សាយ​ថា រូប​គេ​ចង់​ចាក​ចេញ ក្រោយពី​ក្លិប Man United បាន​ខក​ខាន​ក្នុង​​ការ​ឈ្នះ​កៅអី​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។

នៅ​មុន​ពេល​ការ​ប្រកួត​មុន​បើក​រដូវកាល​ជា​​លើក​ដំបូង​របស់ Man United ជា​មួយ​នឹងក្រុម Liverpool នៅ​ទីក្រុង​បាង​កក នៅ​ថ្ងៃ​អង្គារ​នេះ (ចាប់​ពី​ម៉ោង​៨​យប់​ត​ទៅ) លោក Ten Hag បាន​និយាយ​ថា៖ «យើង​កំពុង​តែ​រៀប​ចំ​ផែន​ការ​សម្រាប់ Cristiano Ronaldo នៅ​រដូវ​​កាល​ខាង​មុខនេះ ហើយ​ខ្ញុំ​កំពុង​តែ​​ផ្តោត​លើ​ការ​ធ្វើ​ការ​ជា​មួយនឹង​រូប​​គេ​។ ខ្ញុំ​​បាន​អាន​ព័ត៌មាន​ហើយ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ថា Cristiano មិនមែន​សម្រាប់​លក់​ឡើយ​។ រូប​គេ​ស្ថិត​ក្នុង​ផែន​​ការ​របស់​យើង ហើយ​យើង​ចង់​ជោគ​ជ័យ​ជា​មួយ​គ្នា»​៕

 

ប្រភព​ព័ត៌​​មាន៖ Channel News Asia