បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស​ក្លិប Manchester United នឹង​មិន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ក្រុម​នេះ សម្រាប់​​ដំណើរ​ប្រកួត​មុន​បើក​រដូវ​កាល​នៅ​ប្រទេស​ថៃ និង​អូស្ត្រាលី ឡើយ ក្រោយពីត្រូវ​បាន​ផ្តល់​ពេល​វេលា​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ជា​មួយនឹង​បញ្ហា​គ្រួ​សារ​របស់​គេ​។ នេះ​បើយោង​ទៅ​តាម​ប្រភព​​មួយ​នៅក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃព្រហស្បតិ៍​។

អនា​គត​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧ឆ្នាំ​រូបនេះ នៅ​កីឡដ្ឋាន Old Trafford កំពុង​តែ​ស្ថិត​ក្នុង​ភាព​មិនច្បាស់ ក្រោយពី​រូប​គេ​បាន​ប្រាប់​ក្លិប Man United ពី​បំណង​របស់​គេ​ក្នុង​ការ​ចាក​ចេញ​ ដើម្បី​អាច​លេង​ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាលក្រោយ​​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ប្រភព​ដដែល បាន​បញ្ជាក់​ថា តា​រាឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ ដែល​នៅ​​ជាប់​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំទៀត​នោះ មិនមែន​សម្រាប់​លក់​ចេញ​ឡើយ​។

ដំណើរ​​​ប្រកួ​តរបស់ Man United នឹង​ចាប់​ផ្តើម​ដោយ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Liverpool នៅ​ទីក្រុង​បាង​កក នា​ថ្ងៃ​ទី​១២ ខែ​កក្កដា នៅមុន​ពេល​ការ​ប្រកួត​ជា​មួយនឹងក្រុម Melbourne Victory និង Crystal Palace​។ ពួកគេ​ក៏​ត្រូវ​ប្រកួត​ជា​មួយ​នឹងក្រុម Aston Villa ក្នុង​ទីក្រុង Perth ផង​ដែរ នា​ថ្ងៃ​​ទី​២៣ ខែកក្កដា​។ ជា​មួយ​គ្នា​នេះ មិន​ទាន់​មានភាពច្បាស់​លាស់​ថា Ronaldo នឹង​វិល​ទៅកាន់​ក្រុម​នេះ​វិញ ឬ​​យ៉ាង​ណា​ឡើយ​។ Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៤​គ្រាប់ ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់​សម្រាប់ Man United កាល​ពី​​រដូវ​កាល​មុន ខណៈ​ដែល​ពួក​គេ​​បាន​អវត្ត​មាន​ក្នុងក្រប​ខ័ណ្ឌ Champions League​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia