ខ្សែប្រយុទ្ធ Neymar បានអបអរការបង្ហាញខ្លួនក្នុងជម្រើសដំបូងជាលើកទី១របស់គេ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្នុងរយៈពេល១ឆ្នាំ តាមរយៈការស៊ុតបាល់បញ្ចូលទី១គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន២គ្រាប់ទៀត ខណៈដែលក្រុម Paris Saint-Germain បានយកឈ្នះលើក្រុម Galatasaray ដោយងាយក្នុងលទ្ធផល ៣-០ កាលពីថ្ងៃពុធ។

ខ្សែប្រយុទ្ធ Mauro Icardi និង Pablo Sarabia បានស៊ុតបាល់បញ្ចូលទីនៅតង់ទី១ នាកីឡដ្ឋាន Parc des Princes ខណៈដែលកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក Neymar បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី៣សម្រាប់ក្រុមខ្លួន នៅដើមតង់ទី២។

ខ្សែប្រយុទ្ធ Kylian Mbappe រកបានគ្រាប់បាល់ទី៤ ហើយកីឡាករបម្រុង Edinson Cavani បានបន្ថែម១គ្រាប់ទៀតដោយការស៊ុតបាល់ប៉េណាល់ទី ខណៈដែលក្រុម PSG ដែលបានឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយរួចជាស្រេច រកបាន១៦ពិន្ទុពីការប្រកួតដែលផ្តល់ពិន្ទុសរុប១៨ពិន្ទុ ក្នុងពូល A ដើម្បីនាំមុខ៥ពិន្ទុដាច់លើក្រុម Real Madrid។

ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Gabriel Jesus បានបញ្ជាក់ថា រូបគេមិនអាចបញ្ឈប់ការស៊ុតបាល់បញ្ចូលទីបានឡើយ ក្រោយពីការរកបាន៣គ្រាប់របស់គេ បានជួយឲ្យក្រុម Manchester City បំភ្លេចភាពត្រដាបត្រដួសរបស់ខ្លួនក្នុងក្របខ័ណ្ឌ Premier League ដើម្បីកត់ត្រាជ័យជម្នះ ៤-១ លើក្រុម Dinamo Zagreb ក្នុងរដ្ឋធានីនៃប្រទេសក្រូអាស៊ី។

កីឡាកររូបនេះបានឲ្យដឹងថា៖ «ខ្ញុំត្រូវតែធ្វើការងាររបស់ខ្ញុំ ហើយការងាររបស់ខ្ញុំគឺការស៊ុតបាល់បញ្ចូលទី និងជួយដល់ក្រុមនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia