លោក Gennaro Gattuso កាលពីថ្ងៃពុធ បានចូលកាន់តំណែងក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Napoli ក្រោយពីលោក Carlo Ancelotti ត្រូវបានបណ្តេញចេញ បើទោះបីបានដឹកនាំឲ្យពួកគេឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយក៏ដោយ។ នេះបើយោងទៅតាមការប្រកាសរបស់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ។

លោក Gattuso ដែលបានចាកចេញពីក្លិប AC Milan កាលពីចុងរដូវកាលមុន ក្រោយពីខកខានក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នោះ នឹងត្រូវដឹកនាំក្លិបមួយដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ លើតារាង Serie A។

លោក Gattuso ដែលបានឈ្នះពាន World Cup ឆ្នាំ២០០៦ ក្នុងនាមជាកីឡាករម្នាក់ជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលីនោះ បានឲ្យដឹងថា៖ «គោលដំបូងគឺការដណ្តើមយកពិន្ទុវិញ និងវិលទៅកាន់ចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអីក្នុងក្របខ័ណ្ឌ Champions League»។

លោកបានបន្ថែមទៀតថា៖ «យើងត្រូវតែខិតខំព្យាយាម ដណ្តើមយកពិន្ទុមកវិញ និងឆ្លងឲ្យផុតដំណាក់ដ៏តានតឹងនេះ»។ លោក Gattuso វ័យ៤១ឆ្នាំ កាលពីមុន ធ្លាប់បានដឹកនាំក្លិប AC Milan ប៉ុន្តែ បានចាកចេញពីក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ កាលពីចុងរដូវកាលមុន។

លោក Gattuso ធ្លាប់បានលេងជាកីឡាករក្រោមការដឹកនាំរបស់លោក Ancelotti នៅក្លិប AC Milan និងបាននិយាយថា៖ «គាត់ជាឪពុករបស់ខ្ញុំអ៊ីចឹង។ គាត់តែងតែមានភាពស្និទ្ធិស្នាលជាមួយនឹងខ្ញុំ និងបានគាំទ្រខ្ញុំ។ គាត់បានឈ្នះពានជាច្រើន ហើយខ្ញុំនៅតែមានចំណុចជាច្រើនដែលត្រូវបង្ហាញពីសមត្ថភាព»៕

ប្រភពព័ត៌មាន៖ Channel News Asia