ប្រភពពត៌មានពីទូរទស្សន៍ Sky Sport បានចុះផ្សាយថាៈ Cristiano Ronaldo បានប្រាប់អតីតមិត្តរួមក្រុម Real Madrid មួយចំនួនថាខ្លួនមានអារម្មណ៏សោកស្តាយក្រោយចាកចេញពីក្លឹបចាស់ ទៅកាន់ក្លឹប Juventus។

យ៉ាងណាមិញខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ ៣៤ឆ្នាំរូបនេះ ជឿជាក់ថាគាត់នឹងឈ្នះពានបាល់មាស Ballon D’or រយៈពេល ២ឆ្នាំចុងក្រោយនេះបន្ថែមទៀតពោលគឺនៅឆ្នាំ ២០១៨និង២០១៩ បើសិនជានៅបន្តលេងឱ្យក្រុមអធិរាជសបន្តទៀត។

ប៉ុន្តែបន្ទាប់ពីធ្វើអោយមជ្ឈដ្ឋានបាល់ទាត់ពិភពលោកមានការភ្ញាក់ផ្អើលក្រោយពីសម្រេចចិត្តព្រមព្រៀងផ្ទេរទៅ Juventus នៅខែកក្កដាឆ្នាំ២០១៨ក្នុងតម្លៃផ្ទេរ១១២លានផោនក្រោយពីព័រទុយហ្កាល់ធ្លាក់ចេញពីព្រឹត្តការណ៏ FIFA World Cup ២០១៨ នៅប្រទេសរុស្ស៊ី គិតមកដល់ពេលនេះរយៈពេល២ឆ្នាំហើយដែល Ronaldo ខកខានលើកពានកិត្តិយសនេះ ខណៈអតីតមិត្តរួមក្រុម Luka Modric ជាអ្នកលើកពាននៅឆ្នាំ២០១៨ និងគូប្រជែងចាស់វស្សា Messi លើកពាន ឆ្នាំ២០១៩នេះ។

ក្នុងរដូវកាល ២០១៨-១៩ Ronaldo រកបាន ២៨គ្រាប់និងចែកបាល់មិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣លើកឱ្យ Juventus។ ទោះយ៉ាងណារដូវកាលថ្មី២០១៩-២០ ខ្សែប្រយុទ្ធឈានចូលដល់វ័យ ៣៤ឆ្នាំរូបនេះបានបានតែ ៩គ្រាប់(២គ្រាប់នៅChampion League) ក្នុងការបង្ហាញខ្លួនចំនួន ១៧លើកគ្រប់ការប្រកួតទាំងអស់។