អ្នកចាត់ការក្រុម Tottenham លោក Jose Mourinho បាននិយាយថាក្រុមរបស់លោកទទួលបាន ៣ពិន្ទុមិនគួរឱ្យជឿនៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៧ ទល់នឹងក្រុមម្ចាស់ផ្ទះ Wolves នៅកីឡាដ្ឋាន Molineux កាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈរូបលោក ជឿជាក់ថាក្រុមមាន់ខ្នាយមាសស្ថិតនៅលើផ្លូវប្រជែងយកតំណែងកៅអី Champions League នារដូវកាលក្រោយ។

ខ្សែការពារអន្តរជាតិបែលហ្សិក Jan Vertonghen បានរកគ្រាប់បាល់ជ័យជំនះអោយក្រុមភ្ញៀវ Spur ដោយការតែតបញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី(៩០+១) បន្ទាប់ពី Lucas Moura រកគ្រាប់បាល់បើកឆាកនាំមុខអោយ Tottenham នៅនាទីទី៨ ខណៈ Traore វាយបកតាមស្មើវិញនៅនាទីទី៦៧។

ដូច្នេះជ័យជំនះនេះបាន បញ្ចប់ការមិនស្គាល់ចាញ់របស់ក្រុម Wolves ក្នុងការប្រកួត Premier League ចំនួន ១១លើកនិងប្រជែងឡើងទៅកាន់ក្រុមកំពូលតារាងទាំងបួន។