ប្រភពពីគេហទំព័រ Dailymail និងដកស្រង់ដោយ Goal.Com បានចុះផ្សាយថាៈ ជំនួយការគ្រូបង្វឹក Man.City សញ្ជាតិអេស្បាញលោក Mikel Arteta កំពុងស្ថិតយ៉ាងប្រកៀកក្នុងការតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប Arsenal ។

Arteta អាចនឹងទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំប្រហាក់ប្រហែលនឹងអតីតគ្រូបង្វឹកលោក Unai Emery ដើម្បីទទួលតួនាទី នេះបន្ទាប់ពី លោក Emery បានទទួលទឹកប្រាក់ប្រមាណ ៥លានផោនក្នុងមួយរដូវកាល។

ប្រធានក្លឹបកាំភ្លើងធំ Arsenal លោក Josh Kroenke បានយល់ព្រមលើការអនុម័តការតែងតាំងលោក Arteta នៅប៉ុន្មានថ្ងៃខាងមុខនេះហើយអតីតខ្សែបម្រើក្រុមកាំភ្លើងធំវ័យ៣៧ឆ្នាំរូបនេះ អាចនឹងទទួលបន្ទុកដឹកនាំក្លឹបក្នុងការប្រកួតនៅ Premier League ទល់និងក្រុម Everton នៅថ្ងៃសៅរ៍ខាងមុខនេះបន្ទាប់ពីចំណាយពេល៦ឆ្នាំធ្វើជាគ្រូបង្វឹកនាពេលកន្លងមក។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះគ្រូបង្វឹក Man.City លោក Pep Guardiola មិនសប្បាយចិត្តនោះទេ ក្រោយពីក្លឹបបានទំនាក់ទំនងមិនផ្លូវការណ៏ជាមួយនិងលោក Arteta ស្របពេលដែលបច្ចុប្បន្ននេះស្ថានភាពលេង របស់ Arsenal ហាក់ធ្លាក់ក្នុងសភាពមួយយ៉ាងពិបាកក្រោយពីបញ្ចប់តំណែងលោក Emery និងគ្មានគ្រូបង្វឹកអចិន្រៃ្តយ៏ដឹកនាំនិងជំនួសដោយគ្រូបង្វឹកបណ្តោះអាសន្នលោកFreddie Ljungbergកំពុងដឹកនាំនោះ។