លោក Frank Lampard បានអំពាវនាវឲ្យមានការចាត់វិធានការយ៉ាងតឹងរ៉ឹង ក្រោយពីកីឡាករ Antonio Rudiger បានក្លាយជាជនរងគ្រោះជុំវិញការរើសអើងជាតិសាសន៍ ក្នុងពេលក្រុម Chelsea បានយកឈ្នះ ២-០ នៅលើទឹកដីក្រុម Tottenham ប៉ុន្តែ លោក Jose Mourinho បានបន្ថែមបញ្ហាដល់ខ្សែការពាររូបនេះ តាមរយៈការសម្តែងកាយវិការមិនសមរម ក្នុងពេលខ្សែបម្រើ Son Heung-min រងពិន័យកាតក្រហម។

Rudiger ហាក់ដូចជាត្រូវបានរងនូវការវាយប្រហារដោយការចំអកឲ្យជាសំឡេងសត្វស្វា ពីសំណាក់អ្នកគាំទ្ររបស់ Tottenham ក្រោយពីរូបគេបានទាក់ទិនក្នុងការប៉ះទង្គិចគ្នានៅតង់ទី២ជាមួយនឹង Son ដែលនាំឲ្យខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូងរូបនេះ ទទួលបានកាតក្រហមដ៏ចម្រូងចម្រាស់។

Son បានទាត់ទៅលើខ្សែការពារ Rudiger ក្រោយពីពួកគេបានប៉ះទង្គិចគ្នា ហើយខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះ បានដួលទៅលើទីលានប្រកួត ដោយយកដៃ ឱបក្បាលពោះរបស់គេ។

ការប៉ះទង្គិចគ្នានេះ បានកើតឡើង នៅមុនពេលការវាយប្រហារដោយការប្រើពាក្យសម្តីរើសអើងជាតិសាសន៍ ដែលនាំឲ្យ Rudiger រាយការណ៍ទៅកាន់លោកអាជ្ញាកណ្តាល Anthony Taylor តាមរយៈប្រធានក្រុម Cesar Azpilicueta របស់ Chelsea។

Taylor បាននិយាយប្រាប់ទៅកាន់អ្នកចាត់ការទូទៅរបស់ក្រុមទាំង២ ស្របពេលដែលអ្នកអធិប្បាយនៅលើទីលានប្រកួតផ្ទាល់ បានប្រកាសព្រមាន៣ដងថា «ការប្រើឥរិយាបថរើសអើងក្នុងចំណោមអ្នកគាំទ្រ កំពុងតែរំខានដល់ការប្រកួតនេះ»។

នេះគឺជាបញ្ហារើសអើងចុងក្រោយគេបំផុតក្នុងកីឡាបាល់ទាត់អឺរ៉ុប នៅរដូវកាលនេះ ដែលបានក្លាយជាពពកខ្មៅបាំងបិទការដណ្តើមបានជ័យជម្នះដ៏គួរឲ្យចងចាំរបស់លោក Lampard លើអតីតអ្នកចាត់ការទូទៅរបស់ខ្លួនគឺលោក Mourinho៕

ប្រភពព័ត៌មាន៖ Channel News Asia