តារាឆ្នើម Sadio Mane របស់ក្លិប Liverpool បានឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០១៩របស់ទ្វីបអាហ្វ្រិក ជាលើកទី១ ក្នុងកម្មវិធីប្រគល់ពានដ៏ធំមួយក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃអង្គារ។

ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះ បានឈរពីលើមិត្តរួមក្រុម Liverpool របស់គេគឺ Mohamad Salah ដែលបានឈ្នះពានរង្វាន់នេះកាលពី២ឆ្នាំមុន និងខ្សែប្រយុទ្ធអន្តរជាតិអាល់ហ្សេរី Riyad Mahrez របស់ក្លិប Manchester City។

ក្នុងពិធីប្រគល់ពានដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក ក្នុងទីក្រុងទន្លេក្រហម Hurghada របស់ប្រទេសអេហ្ស៊ីប Mane បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ ហើយស្របពេលជាមួយគ្នានេះ ខ្ញុំពិតជាមានមោទនភាពក្នុងការឈ្នះពានរង្វាន់នេះ។ វាជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ»។

Mane បានក្លាយជាតារាឆ្នើមទី២មកពីប្រទេសសេណេហ្គាល់ ដែលបានក្លាយជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ទ្វីបអាហ្វ្រិក ក្រោយពីកីឡាករ El Hadji Diouf បានឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំនេះ ក្នុងឆ្នាំ២០០១ និងឆ្នាំ២០០២។ រូបគេបានស៊ុតបាល់បញ្ចូលទី៣៤គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន១២គ្រាប់ទៀត ក្នុងការបង្ហាញខ្លួន៦១លើក ក្នុងឆ្នាំ២០១៩។ នេះបើយោងទៅតាមស្ថិតិរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក៕

ប្រភពព័ត៌មាន៖ Channel News Asia