លោក Pep Guardiola បានដាស់តឿនក្រុម Manchester City ពីភាពខ្លាំងនៃការស្រោចស្រង់វិញរបស់ក្រុម Manchester United ក្រោយពីក្រុមរបស់លោកបានផ្តួលក្រុមស្ថិតក្នុងទីក្រុងតែមួយរបស់ពួកគេ ក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Old Trafford ក្នុងការប្រកួតពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១។

ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានគ្រប់គ្រងការប្រកួតទាំងស្រុងក្នុងតង់ទី១ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Bernardo Silva ការរកគ្រាប់បាល់ដ៏ពី Riyad Mahrez និងការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Andreas Pereira បានធ្វើឲ្យក្រុម Man City ស្ថិតលើផ្លូវនៃការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាលើកទី៣ជាប់ៗគ្នា។

ខ្សែប្រយុទ្ធ Marcus Rashford ដែលជាប្រធានក្រុមរបស់ Man United ក្នុងការប្រកួតកាលពីថ្ងៃអង្គារនោះ បានរក្សាក្តីសង្ឃឹមសម្រាប់ក្រុមម្ចាស់ផ្ទះ តាមរយៈការកាត់បន្ថយការដេញតាមពីក្រោយនៅរយៈពេល២០នាទីចុងក្រោយ ប៉ុន្តែ ពួកគេនឹងត្រូវប្រឈមមុខនឹងការដ៏ធំមួយ នៅពេលដែលក្រុមទាំតង២ ជួបគ្នាម្តងទៀតក្នុងការប្រកួតជើងទី២ នាថ្ងៃទី២៩ ខែមករា។

ទោះបីជាយ៉ាងណា លោក Guardiola នៅតែមានការព្រួយបារម្ភ ក្រោយពីក្រុមរបស់លោក Ole Gunnar Solskjaer បានធ្វើការស្រោចស្រង់ពីការដេញតាមពីក្រោយ ២-០ នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Paris Saint-Germain ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ កាលពីរដូវកាលមុន ដើម្បីទៅវគ្គបន្ត។ លោក Guardiola បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «វាជាលទ្ធផលដ៏ល្អមួយ ប៉ុន្តែ វាមិនទាន់បញ្ចប់ឡើយ ដោយសារតែនោះគឺជាក្រុម Man United»៕

ទស្សនាវីឌីអូហាយឡាយ MAN UTD 1-3 MAN CITY៖