ក្រុម Atletico Madrid បានបង្កើតឲ្យមានការភ្ញាក់ផ្អើលដ៏ធំមួយ ក្នុងការប្រកួតពានអេស្ប៉ាញ Super Cup តាមរយៈការបំពេញការវាយបកដ៏មិននឹកស្មានដល់ដើម្បីផ្តួលក្រុម Barcelona ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃព្រហស្បតិ៍ និងដើម្បីទៅជួបក្រុម Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្រុម Barca ហាក់បានស្ថិតលើផ្លូវក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យជាមួយនឹងក្រុម Real Madrid ទៅហើយ នៅពេលដែលពួកគេបាននាំមុខក្នុងលទ្ធផល ២-១ ខណៈដែលនៅសល់៩នាទីចុងក្រោយ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុម Atletico បានបង្កើតឲ្យមានជំនួបរវាងក្រុមស្ថិតក្នុងទីក្រុងម៉ាឌ្រីដតែមួយ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីកាត់សេចក្តីថា តើក្រុមណានឹងត្រូវលើកពាននេះ។

Lionel Messi របស់ Barcelona បានឲ្យដឹងថា៖ «វាពិតជារឿងដ៏គួរឲ្យអាម៉ាស់ ពីព្រោះយើងបានធ្វេសប្រហែសក្នុងរយៈពេល៣ ទៅ៤នាទីចុងក្រោយ និងបានធ្វើឲ្យមានកំហុសដូចកូនក្មេងអ៊ីចឹង»។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបានបន្ថែមទៀតថា៖ «យើងគួរតែបាននបញ្ចប់ការប្រកួតនេះ។ វាជាការខកចិត្តសម្រាប់យើង ជាពិសេស ស្របពេលដែលយើងជាក្រុមលេងបានល្អជាង។ កំហុសរបស់យើងបានធ្វើឲ្យយើងខាតបង់ដ៏ធំ»៕