បរទេស៖ ខ្សែ​ប្រយុទ្ធ Yussuf Poulsen បាន​ជម្នះ​លើ​បញ្ហា​របួស​ក​ជើង និង​កំពុង​តែ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ជំនួសកន្លែង​របស់​ Timo Werner ក៏ដូច​ជា​ជួយ​ផ្តល់​គ្រាប់​បាល់​សម្រាប់​ក្រុម RB Leipzig ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨ក្រុម​ចុងក្រោយ​ជាមួយ​នឹងក្រុម Atletico Madrid​​។

ក្រោយពី​រក​បាន​៣៤​គ្រាប់​​កាលពី​រដូវ​កាល​​មុន ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការរក​បាន​៤​​គ្រាប់​ក្នុង Champions League ដែរនោះ កាល​ពី​ខែ​មិថុនា ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អាល្លឺ​ម៉ង់ Werner បាន​ចាក​ចេញពី Leipzig ដើម្បីចូលរួម​ជា​មួយ​នឹងក្លិប Chelsea របស់​ក្រប​ខ័ណ្ឌ Premier League។ បើ​ទោះ​បី​ទទួល​បាន​ការ​អនុញ្ញាពី Chelsea ក៏ដោយ ប៉ុន្តែ Werner បាន​បោះ​បង់​ឱកាស​ក្នុង​ការ​លេង​ឲ្យ​ក្រុម Leipzig ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ដើម្បី​ផ្តោត​អារម្មណ៍​​ទៅនឹង​ការ​សម្រប​ខ្លួន​របស់​គេ​នៅ​ទីក្រុង​ឡុងដ៍​។ ក្នុង​ពេល​រូប​គេ​អវត្ត​មាន Poulsenដែល​ទើប​តែ​បាន​ជា​សះ​ស្បើយ​ពី​របួស​កជើង កាលពី​ខែឧសភា នឹង​ត្រូវ​ចាប់​ដៃគូ​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ឆែក Patrik Schick ក្នុង​ទីក្រុង Lisbon​។ Poulsen បាន​ប្រាប់​ថា៖ «យើង​ដឹង​ថា យើង​មិន​អាច​ជំនួស Timo បាន​ទាំង​អស់​ស្រុង​ភ្លាម​ៗ​ឡើយ​។

ប៉ុន្តែ ខ្ញុំ​តែង​តែ​ដឹង​ថា គ្រូបង្វឹក​មានគំនិត​ជាច្រើន ដែល​យើង​អាច​អនុ​វត្ត ហើយ​យ៉ាងហោចណាស់​នឹងមាន​ប្រសិទ្ធ​ភាព​ក្នុង​ទីក្រុង Lisbon ដូច​ដែល​យើង​បាន​លេង​ក្នុង Champions League មុន​ៗ​អ៊ី​ចឹង​ដែរ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia