ក្រុមលីកកំពូលម៉ាឡេស៊ី Kedah FA ពិតជាអាចរក្សាបាននៅភាពខ្លាំងរបស់ខ្លួន បន្ទាប់ពីក្រុមមួយនេះ បានយកឈ្នះលើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-១ ក្នុងការប្រកួតកាត់សេចក្តីលើកចុងក្រោយ កាលពីយប់ម្សិលមិញ ដើម្បីលើកពាន Smart RSN Cup 2020 នៅលើទឹកដីកម្ពុជានោះ។

សម្រាប់ការប្រកួតកាត់សេចក្តីចុងក្រោយ នៅកីឡដ្ឋាន RSN កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនោះ ភ្នំពេញក្រោន និងក្រុម Kedah FA ដែលសុទ្ធតែបានយកឈ្នះលើក្រុមអង្គរថាយហ្គឺរ ក្នុងការប្រកួតជម្រុះបើកឆាកនោះ គឺបានប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ប៉ុន្តែក្រុមទាំង២នេះ មិនអាចរកបានគ្រាប់បាល់ដូចគ្នា នៅក្នុងការប្រកួតនៅក្នុងតង់ទី១។

យ៉ាងណាក៏ដោយ ការប្រកួតឈានចូលតង់ទី២ ខ្សែប្រយុទ្ធពាក់លេខ១០ Kepre Tchetche បានបង្កើតភាពរីករាយដល់ក្រុម Kedah FA តាមរយៈការរកបានគ្រាប់បាល់បើកឆាករបស់គេ នៅនាទីទី៦៧ ហើយ៩នាទីក្រោយមកទៀត កីឡាករពាក់លេខ២៧ Azman Hadin បានបន្ថែម១គ្រាប់ទៀតឲ្យ Kedah FA ដើម្បីនាំមុខក្រុមភ្នំពេញក្រោន ២-០។

ជាមួយការចាញ់ប្រៀបនេះ បានជំរុញឲ្យក្រុមភ្នំពេញក្រោន បានព្យាយាមវាយបកវិញយ៉ាងខ្លាំង និងរកបាន១គ្រាប់ ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករ លឹម ពិសុទ្ធ នៅនាទីទី៨៧ ប៉ុន្តែពួកគេ មិនអាចរកបានគ្រាប់បាល់បន្ថែម ដើម្បីតាមស្មើជាមួយក្រុម Kedah FA នោះទេ។

ជាមួយលទ្ធផលនេះ បានជួយឲ្យក្រុមលេខ៤លីកកំពូលម៉ាឡេស៊ី Kedah FA ដែលមានកៅអីបានទៅលើនៅពាន AFC Champion League ក្នុងវគ្គ Preliminary round 2 ដោយស្វ័យប្រវត្តិនោះ បានក្លាយជាម្ចាស់ជើងឯកការប្រកួតពានរង្វាន់ Smart RSN Cup 2020 នៅលើទឹកដីកម្ពុជា ដោយបានឈ្នះទាំង២ប្រកួត ខណៈក្រុមភ្នំពេញក្រោន ឈរនៅលេខ២ ដោយឈ្នះ១ ចាញ់១ប្រកួត ហើយអង្គរថាយហ្គឺរ ឈរនៅលេខ៣ក្រោយគេ ដោយចាញ់ទាំង២ប្រកួត៕