លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានអំពាវនាវឲ្យកីឡាកររបស់លោកបំពេញតួនាទីជាអ្នករកគ្រាប់បាល់បញ្ចូលទីដែលត្រូវបានបន្សល់ទុកដោយសារតែការអវត្តមានខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក្រោយពីការពិន័យព្យួរចំនួន៣ប្រកួតរបស់តារាឆ្នើមរូបនេះ មិនត្រូវបានលើកលែង។

ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ ដែលបានរកគ្រាប់បាល់បើកឆាកក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Crystal Palace កាលពីថ្ងៃសៅរ៍ បានរងពិន័យកាតលឿងសម្រាប់ការប្រជែងយកបាល់ពីជើងកីឡាករ Max Meyer ប៉ុន្តែ វីដេអូជំនួយការអាជ្ញាកណ្តាល (VAR) បានត្រួតពិនិត្យលើការពិន័យនេះឡើងវិញ និងបានដាក់ពិន័យកាតក្រហមជំនួសវិញ។ ក្លិប Arsenal បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការពិន័យកាតក្រហមលើ Aubameyang ប៉ុន្តែ ការពិន័យនេះនៅតែរក្សាដដែល។

អតីតខ្សែប្រយុទ្ធរបស់ក្លិប Borussia Dortmund វ័យ៣០ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី១៤គ្រាប់ក្នុងចំណោមគ្រាប់បាល់២៩គ្រាប់របស់ Arsenal ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ នៅពេលដែលត្រូវបានចោទសួរថា ក្រុមរបស់លោកនឹងនឹករលឹកដល់ប្រធានក្រុមដែលជាប់ពិន័យរបស់ខ្លួន ឬអត់ លោក Arteta បានឆ្លើយតបថា៖ «កីឡាករទាំងអស់ត្រូវតែសម្របខ្លួន។

អ្នកដឹងទេថា នៅពេលដែលកីឡាករដ៏សំខាន់ម្នាក់របស់យើងមិនមានវត្តមាន ពួកគេត្រូវតែទទួលខុសត្រូវ។ ខ្ញុំប្រាកដចិត្តថានៅពេលដែលពួកគេមិនលេង ពួកគេចង់មានឱកាស ហើយពួកគេពិភាក្សា»៕

ប្រភពព័ត៌មាន៖ Channel News Asia