ក្លិប Aston Villa កំពុងតែសង្ឃឹមថា នឹងបំពេញការផ្ទេរក្នុងតម្លៃខ្លួន១០លានផោន (ស្មើនឹង១៣លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធ Mbwana Samatta របស់ក្លិប Genk ស្របពេលដែលលោក Dean Smith ដែលជាអ្នកចាត់ការទូទៅ សម្លឹងរកការពង្រឹងតំបន់ប្រយុទ្ធរបស់លោក។

លោក Smith ត្រូវតែធ្វើការពង្រឹងតំបន់ប្រយុទ្ធនេះ ក្រោយពីខ្សែប្រយុទ្ធប្រស៊ីល Wesley ត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ ដោយសារតែរបួសជង្គង់ ដែលបានកើតឡើងក្នុងពេលប្រកួតជាមួយនឹងក្រុម Burnley កាលពីថ្ងៃចូលឆ្នាំថ្មី។ Samatta ដែលបានស៊ុតបាល់បញ្ចូលទីក្នុងពេលប្រកួតជាមួយនឹងក្រុម Liverpool ក្នុងក្របខ័ណ្ឌ Champions League វគ្គចែកពូលនៅរដូវកាលនេះ បានក្លាយជាគោលដៅដ៏ចម្បងរបស់ក្លិប Aston Villa។

ប៉ុន្តែ សេចក្តីលម្អិតនៃការផ្ទេរនេះ មិនទាន់ឈានដល់ការព្រមព្រៀងគ្នាឡើយ។ ខ្សែប្រយុទ្ធអន្តរជាតិតង់ហ្សានីវ័យ២៧ឆ្នាំរូបនេះ តម្រូវឲ្យស្នើសុំលិខិតអនុញ្ញាតឲ្យធ្វើការ បើមិនអ៊ីចឹងទេ រូបគេមិនអាចចូលលេងឲ្យទាន់ពេលក្នុងពេលក្រុម Aston Villa ប្រកួតជាមួយនឹងក្រុម Brighton នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ឡើយ។

ខ្សែប្រយុទ្ធ Jonathan Kodjia របស់ Aston Villa ហាក់នឹងត្រូវផ្ទេរទៅកាន់ប្រទេសកាតា ក្រោយពីក្លិប Al Gharafa បានប្រកាសថា កីឡាកររូបនេះ នឹងត្រូវធ្វើដំណើរដើម្បីពិនិត្យសុខភាព៕

ប្រភពព័ត៌មាន៖ BBC