ខ្សែការពារ Ashley Young របស់ក្លិប Manchester United បានយល់ព្រមលើការផ្ទេរមួយទៅកាន់ក្លិប Inter Milan របស់ក្របខ័ណ្ឌ Serie A។ នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាននានា កាលពីថ្ងៃព្រហស្បតិ៍។

ខ្សែការពារវ័យ៣៤ឆ្នាំរូបនេះ នឹងធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលី នៅត្រឹមថ្ងៃសុក្រនេះ ដើម្បីពិនិត្យសុខភាព នៅមុនពេលចុះហត្ថលេខារយៈពេល១៨ខែ។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែត Gazzetta Dello Sport។

Man United នឹងទទួលបានប្រាក់តម្លៃខ្លួន១,៥លានអឺរ៉ូ (ស្មើនឹង១,៦លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗ សម្រាប់ Young ដែលបានចំណាយពេលអស់៨ឆ្នាំកន្លះនៅកីឡដ្ឋាន Old Trafford បើគិតចាប់តាំងពីចូលរួមពីក្លិប Aston Villa ក្នុងឆ្នាំ២០១១។

Young ដែលបានបង្ហាញខ្លួន៣៩លើកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសណោះ បានបង្ហាញខ្លួនចំនួន២៦១លើកសម្រាប់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ និងបានស៊ុតបាល់បញ្ចូលទី១៩គ្រាប់។ រូបគេជាប់ជាប្រធានក្លិបនៅរដូវកាលនេះ ប៉ុន្តែ បានចូលលេងក្នុងជម្រើសដំបូងក្នុងការប្រកួតក្របខ័ណ្ឌលីកត្រឹមតែ១០ប្រកួតប៉ុណ្ណោះ។

រូបគេបានឈ្នះពាន Premier League ឆ្នាំ២០១៣ ពាន FA Cup ឆ្នាំ២០១៦ និងពាន League Cup និង Europa League ក្នុងឆ្នាំ២០១៧។ Young ចាកចេញពីក្របខ័ណ្ឌ Premier League ខណៈក្រុម Man United ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool រហូតដល់ទៅ២៧ពិន្ទុ៕

ប្រភពព័ត៌មាន៖ Channel News Asia