ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Juventus បានផ្តួលក្រុម Parma ក្នុងលទ្ធផល ២-១ ដើម្បីនាំមុខ៤ពិន្ទុដាច់លើក្រុម Inter Milan នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ។

ការប្រជែងដណ្តើមពានរបស់ក្រុម Inter បានជួបនូវការខកចិត្តមួយផ្សេងទៀត ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Lecce ស្របពេលដែល Ante Rebic បានជួយឲ្យក្រុម AC Milan ដណ្តើមបានជ័យជម្នះក្នុងលទ្ធផោល ៣-២ លើក្រុម Udinese។

Ronaldo បានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅមុនពេលសម្រាកតង់ទី១ ដើម្បីរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌលីកជាលើកទី៧ជាប់ៗគ្នា និងស្ទើរតែបានជួយឲ្យមិត្តរួមក្រុមខ្លួនរកបានគ្រាប់បាល់ទី២ បន្ទាប់ពីនោះសម្រាប់ Aaron Ramsey ប៉ុន្តែ ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះ បានស៊ុតបាល់ប៉ះទៅនឹងបង្គោលទី។

កីឡាករ Andreas Cornelius បានតែតបាល់បញ្ចូលទីយ៉ាងល្អ ដើម្បីជួយឲ្យក្រុមឈរលេខ៧ Parma តាមស្មើវិញភ្លាមៗ បន្ទាប់ពីចូលលេងក្នុងតង់ទី២។ ប៉ុន្តែ ក្រុមភ្ញៀវ មិនបានជួបពេលវេលារីករាយម្តងទៀតឡើយ នៅពេលដែល Ronaldo បានស៊ុតបាល់បញ្ចូលទីជាលើកទី២ បន្ទាប់ពីទទួលបានបាល់ពីកីឡាករ Paulo Dybala ដើម្បីរកគ្រាប់បាល់ទី១១របស់គេ ក្នុងការប្រកួត៧លើក និងដើម្បីធ្វើឲ្យគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបរបស់គេកើនដល់១៦គ្រាប់៕

ប្រភពព័ត៌មាន៖ Channel News Asia