ក្លិប Newcastle បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Nabil Bentaleb របស់ក្លិប Schalke ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ ជាមួយនឹងជម្រើសក្នុងការទិញយកដាច់។

ខ្សែបម្រើអន្តរជាតិអាល់ហ្សេរីរូបនេះ បានចូលរួមជាមួយនឹងក្លិប Schalke ពីក្លិប Tottenham ក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា នៅមុនពេលចុះហត្ថលេខារយៈពេល៤ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ២០១៧។

រូបគេបានបង្ហាញខ្លួន៦៦លើកសម្រាប់ក្រុម Spurs ក្នុងរយៈពេល២ឆ្នាំកន្លះ និងបានស៊ុតបាល់បញ្ចូលទី១៩គ្រាប់ក្នុងការប្រកួត៩៧លើកសម្រាប់ក្រុម Schalke។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League»។

ក្លិប Newcastle បានចរចាលើជម្រើសមួយដើម្បីធ្វើឲ្យការផ្ទេរនេះ ក្លាយជាការផ្ទេរជាអចិន្ត្រៃយ៍ក្នុងពេលចប់រដូវកាលនេះ សម្រាប់តម្លៃខ្លួនប្រមាណជា៨,៥លានផោន (ស្មើនឹង១១លានដុល្លារអាមេរិក)។

Bentaleb វ័យ២៥ឆ្នាំ មិនធ្លាប់បានលេងឲ្យក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះសោះ នៅរដូវកាលនេះ ក្រោយពីត្រូវបានធ្លាក់ចេញពីក្រុមជម្រើសដំបូងដោយសារតែបញ្ហាវិន័យ។

ការរងរបួសជង្គង់ ក៏រំខានដល់ឱកាសរបស់គេផងដែរ ប៉ុន្តែ លោក Steve Bruce អ្នកចាត់ការទូទៅរបស់ក្លិប Newcastle ជឿជាក់ថា អតីតកីឡាករយុវជនរបស់ក្លិប Tottenham នឹងមានភាពខ្លាំងវិញក្នុងពេលវិលទៅកាន់ក្របខ័ណ្ឌ Premier League៕

ប្រភពព័ត៌មាន៖ BBC