លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានកោតសរសើរចំពោះការរកបានគ្រាប់បាល់ដ៏អស្ចារ្យមួយផ្សេងទៀតពីសំណាក់ Roberto Firmino ខណៈដែលគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតរបស់តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ បានជួយឲ្យក្រុមខ្លួនរក្សាការនាំមុខ១៦ពិន្ទុដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League តាមរយៈការដណ្តើមបានជ័យជម្នះ ២-១ លើទឹកដីក្រុម Wolves កាលពីថ្ងៃព្រហស្បតិ៍។

ការដណ្តើមបានជ័យជម្នះ១៤លើកជាប់ៗគ្នារបស់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ ហាក់ដូចជាត្រូវបញ្ចប់ទៅហើយ ខណៈដែលកីឡាករ Raul Jimenez បានរកគ្រាប់បាល់តាមស្មើគ្រាប់បាល់បើកឆាករបស់ Jordan Henderson។ Liverpool ក៏ត្រូវតែដឹងគុណដល់អ្នកចាំទី Alisson Becker ផងដែរ សម្រាប់ការបំពេញតួនាទីយ៉ាងល្អក្នុងការប្រកួតនៅតង់ទី២។

ប៉ុន្តែ ទោះបីជាយ៉ាងណា វាដូចទៅនឹងការដណ្តើមបានជ័យជម្នះដ៏សំខាន់នៅពេលប្រកួតជាមួយនឹងក្រុម Leicester, Aston Villa និង Crystal Palace កាលពីដើមរដូវកាលនេះអ៊ីចឹង ខណៈដែល Liverpool បានវាយបកនៅជិតបញ្ចប់ការប្រកួតដើម្បីដណ្តើមបាន៣ពិន្ទុដ៏សំខាន់មួយផ្សេងទៀត ក្រោយពី Firmino បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅរយៈពេល៦នាទីចុងក្រោយ។

លោក Klopp បានឲ្យដឹងថា៖ «អ្នកត្រូវតែស្វែងរកផ្លូវដើម្បីទទួលបានជ័យជម្នះ និងមានកីឡាករដែលធ្វើការសម្រេចចិត្តដ៏ល្អឥតខ្ចោះ ហើយកីឡាករនោះគឺ Bobby ម្តងទៀត។ ពិតជាកម្រិតពិភពលោក។ ខ្ញុំនឹងនិយាយថា វាជាគ្រាប់បាល់ដ៏អស្ចារ្យមួយ»៕

ប្រភពព័ត៌មាន៖ Channel News Asia