លោក Jurgen Klopp បានបញ្ជាក់ថា ក្រុម Liverpool មិនត្រូវបានលើកទឹកចិត្តឲ្យបង្កើតប្រវត្តិសាស្ត្រឡើយ ក្រោយពីក្រុមកំពុងនាំមុខដាច់លើតារាងមួយនេះ បានបោះមួយជំហានទៀតឆ្ពោះទៅកាន់ការលើកពានក្របខ័ណ្ឌ Premier League បន្ទាប់ពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម West Ham កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Klopp បានធ្វើឲ្យការប្រជែងដណ្តើមពាននេះស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន ហើយពួកគេបានបន្ថែមការនាំមុខ១៩ពិន្ទុដាច់នៅលើកំពូលតារាង ក្រោយពីដណ្តើមបានជ័យជម្នះជាលើកទី២៣ ពីការប្រកួតក្របខ័ណ្ឌលីក២៣លើកនៅរដូវកាលនេះ។

Mohamed Salah បានរកគ្រាប់បាល់បើកឆាក តាមរយៈការស៊ុតបាល់ប៉េណាល់ទីនៅតង់ទី១ នាកីឡដ្ឋាន London ហើយខ្សែបម្រើ Alex Oxlade-Chamberlain បានបំពេញជ័យជម្នះក្នុងការប្រកួតលីកជាលើកទី១៥ជាប់ៗគ្នារបស់ក្រុម Liverpool បន្ទាប់ពីសម្រាកតង់ទី១។

បច្ចុប្បន្នក្រុមឈរលេខ២ Manchester City ដេញតាមពីក្រោយក្រុម Liverpool យ៉ាងឆ្ងាយ។ បច្ចុប្បន្នក្រុម Liverpool បានកត់ត្រាជ័យជម្នះ៣១លើក ពីការប្រកួតក្របខ័ណ្ឌលីក៣២លើកចុងក្រោយរបស់ខ្លួន ដោយការបាត់បង់ពិន្ទុតែ១លើករបស់ខ្លួនបានកើតឡើងក្នុងពេលទទួលបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Manchester United កាលពីខែតុលា។

ខណៈដែលនៅសល់ការប្រកួត១៤លើកទៀត ក្រុម Liverpool កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការលើកពានជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៣០ឆ្នាំ៕

ប្រភពព័ត៌មាន៖ Channel News Asia