បរទេស៖ លោក Jurgen Klopp សង្ឃឹម​ថា លោក​នឹង​ជួប​សំណាង​ជាលើក​ទី​៤ ស្រ​បពេល​ដែលអ្នក​ចាត់​ការ​ទូទៅ​របស់ Liverpool រូបនេះ សម្លឹង​រក​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ដំបូង​នៅ​​លើ​ទឹកដីក្រុម Napoli នៅ​ពេល​ដែល​​ក្រុម​ម្ចាស់​ជើង​ឯក​រង​នៃក្រប​ខ័ណ្ឌ Champions League កាល​ពី​រដូវ​កាល​មុន​របស់​លោក ចាប់ផ្តើម​ដំណើរ​ស្វែង​រក​ជ័យ​ជម្នះនៅ​រាត្រីនេះ​​។

Liverpool  ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យ​ស្ថតិនៅ​ជាមួយនឹងក្រុម Ajax, Rangers និង Napoli នៅ​​ពេលនេះ និង​​ចាប់​ផ្តើម​ធ្វើការ​ប្រកួត​បើកឆាកក្នុងពូល A នៅ​កីឡដ្ឋាន Stadio Diego Armando Maradona​។ ប៉ុន្តែ លោក Klopp មិនបាន​ជួប​លទ្ធផល​ល្អ​ពីការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​លើ​ទឹកដីក្រុម Napoli ចំនួន​៣លើក​កាលពី​មុន​ឡើយ ក្រោយពី​ចាញ់ ២-១ ពេល​ដឹកនាំ​ក្រុម Dortmund ក្នុង​ឆ្នាំ​២០១៣ មុន​នឹង​ចាញ់ ១-០ ជាមួយនឹងក្រុម Liverpool ក្នុងឆ្នាំ២០១៨ និង ២-០ នៅ​ឆ្នាំ​បន្ទាប់​។ ជាមួយគ្នានេះ Liverpool ក៏​​ជួប​​វិបត្តិ​​បញ្ហា​របួស​កីឡាករ​ក្នុង​តំបន់​បម្រើ​ផង​ដែរ ប៉ុន្តែ ពួកគេ​បាន​នាំ​យក​ខ្សែ​បម្រើ Arthur ពី Juventus ដើម្បី​ដោះ​ស្រាយ​​វិបត្តិ​របស់​ខ្លួន​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ បាន​បញ្ជាក់​ថា នឹង​មិន​ចូល​លេងនៅរាត្រីនេះឡើយ ដោយសារ​តែ​រូប​គេ​ត្រូវ​ផ្តោត​លើ​ការ​ហ្វឹកហាត់បន្ថែម​ទៀត ក្រោយពី​ខកខាន​​ក្នុង​ការ​​ហ្វឹកហាត់​មួយរយៈនៅ Juventus​។ លោក​បាន​ឲ្យដឹងថា៖ «Arthur ត្រូវ​ការ​លេង​ជាមួយនឹង​បាល់ទាត់​ពេលនេះ ជាពិសេស​​ការ​ហ្វឹកហាត់​។ រូប​គេមិនបាន​ហ្វឹកហាត់​មួយ​រយៈនៅ Juventus ហេតុនេះ រូប​គេ​ត្រូវ​ការ​ពេល​ហ្វឹក​ហាត់​​ឲ្យ​បាន​ច្រើន មុន​នឹង​អាច​ចូលលេង​បាន»៕

 

ប្រភព​ព័ត៌​មាន៖ BBC