លោក Pep Guardiola បាននិយាយថា ក្រុម Manchester City ត្រូវតែរៀន «ដើម្បីធ្វើឲ្យមានភាពមុតស្រួចបន្ថែមទៀត» ក្រោយពីពួកគេបានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពាន Carabao Cup ទាំងព្រលឹងចុងសក់ កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Guardiola នឹងត្រូវប៉ះជាមួយនឹងក្រុម Aston Villa នៅកីឡដ្ឋាន Wembley នាថ្ងៃទី១ ខែមករា បើទោះបីចាញ់ក្នុងការប្រកួតជើងទី២ក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Manchester United ក៏ដោយ ប៉ុន្តែ បានឈានទៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះទាំង២ជើង ៣-២។

ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ មានឱកាសគ្រប់គ្រងបាល់ និងបង្កើតឱកាសជាច្រើន ប៉ុន្តែ មិនអាចទម្លុះសំណាញ់ទីរបស់ David de Gea បានឡើយ និងបានរបូតគ្រាប់បាល់ សម្រាប់ការព្យាយាមស៊ុតបាល់តែ១លើករបស់ Man United នៅរយៈពេល១០នាទីចុងក្រោយនៃតង់ទី១ នៅពេលដែល Nemanja Matic បានស៊ុតបាល់បញ្ចូលទី។

ក្តីសង្ឃឹមរបស់ក្រុម Man United នៃការបំពេញការវាយបកដ៏មិនឹកស្មានដល់មួយ បានបញ្ចប់ នៅពេលដែល Matic រងពិន័យកាតក្រហមនៅរយៈពេល១៥នាទីចុងក្រោយ។ លោក Guardiola បានឲ្យដឹងថា៖ «ក្នុងរយៈពេល១៨០នាទី យើងលេងបានល្អជាងក្រុម Man United។ យើងបានបង្កើតឱកាសជាច្រើន ក្នុងការរកគ្រាប់បាល់បញ្ចូលទី ប៉ុន្តែ ធ្វើមិនបានសម្រេច។ យើងត្រូវតែរៀនដើម្បីធ្វើឲ្យមានភាពមុតស្រួចជាងនេះ»៕

ប្រភពព័ត៌មាន៖ BBC