ជើងខ្លាំងមួយថៃ Petchmorakot Petchyindee Academy នឹងទទួលបានឱកាសដណ្ដើមខ្សែក្រវាត់ ONE Super Series World Title ពីការប្រកួតគូឯកនៅក្នុងកម្មវិធី ONE: WARRIORS CODE នាថ្ងៃទី ៧ ខែ កុម្ភៈសប្ដាហ៍ក្រោយ ដែលរៀបចំនៅក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

កីឡាករថៃវ័យ ២៦ ឆ្នាំរូបនេះត្រូវប្រឈមនឹងកីឡាកររុស្សី Jamal Yusupov ឬ គេស្គាល់ថា “Kherow” ក្នុងការដណ្ដើមខ្សែក្រវាត់ ONE Featherweight Muay Thai World Championship ដែលគេសម្ពោធឲ្យប្រកួតដណ្ដើមជាលើកដំបូង។

ដោយចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនមួយថៃតាំងពីតូចក្រូចឆ្មា កីឡាករមកពីខេត្ត Ubon Ratchathani នឹងឈានទៅរកមោទនភាពនៅសង្វៀន Istora Senayan ជាក់ជាមិនខានដើម្បីបង្កើតស្នាដៃសម្រាប់មនុស្សជុំវិញខ្លួន និង ផ្លាស់ប្ដូរជីវិតតរៀងទៅ។

កីឡាករថៃខាងលើរៀបរាប់ ៖«វាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។ នេះគឺជាខ្សែក្រវាត់មួយថៃដែលប្រជាជនថៃត្រូវការ និង នៅជាមួយវា ហើយវាក៏ជាសុបិនមួយដែលខ្ញុំចង់បានជាយូរមកហើយដែរ។ វានឹងនាំខ្ញុំឲ្យកាន់តែមានកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង គ្រួសារ និង ក្លិបរបស់ខ្ញុំ»។
Petchmorakot បញ្ជាក់៖ «វាច្បាស់ជាល្អមើលសម្រាប់ការប្រកួតនេះ។ ជ័យជម្នះនឹងរួមចំណែកបង្កើនជីវភាពអភិវឌ្ឍគ្រួសាររបស់ខ្ញុំ។ ទឹកដី Ubon កំពុងរង់ចាំខ្ញុំ បើខ្ញុំឈ្នះ។ ខ្ញុំនឹងសាងសង់ផ្ទះសម្រាប់ខ្លួនឯងមួយនៅទីនោះ សម្រាប់ប្រពន្ធខ្ញុំ និងកូនៗ។ ដូច្នេះខ្ញុំមានកន្លែងរស់នៅ ពេលខ្ញុំចូលនិវត្តន៍»។

វាមិនជាបញ្ហាសម្រាប់ Petchmorakot ដោយសាររូបគេមានកំណត់ត្រាប្រកួតឈ្នះរហូត ១៥៨ ដង ចាញ់ ៣៥ ដង និង ស្មើ ២ដង និង ជាម្ចាស់ខ្សែក្រវាត់ World Champion រហូតដល់ ៤ សម័យទៀតផង។ គេជាកីឡាករជំនាញខាងមួយថៃ នៅសង្វៀន ONE។ Petchmorakot មកប្រកួតនេះមានទំនុកចិត្តខ្ពស់ដោយសារបានផ្ដួលកីឡាករសញ្ជាតិអង់គ្លេស Charlie Peters ឲ្យសន្លប់នៅទឹកទី២ កាលខែ វិច្ឆិកាដោយប្រើជង្គង់អុកទៅនឹងដងខ្លួន។

បែបណាក្ដី Yusupov ជាកំពូលកីឡាករម្នាក់ព្រោះរូបគេធ្លាប់ផ្ដួលវីរបុរសរបស់ថៃ Yodsanklai IWE Fairtex ឲ្យសន្លប់តែម្ដង។ នោះគឺជារឿងដ៏អស្ចារ្យបំផុតសម្រាប់កីឡាកររុស្សីរូបនេះព្រោះទើបតែប្រកួតលើកដំបូងនៅ ONE ប៉ុន្តែទទួលការចាប់អារម្មណ៍ដោយផ្ដួលជើងខ្លាំងថៃឲ្យសន្លប់ឈឹងមិនអាចតដៃរួច។
ជាលើកដំបូងដែលកីឡាករមានឈ្មោះក្រៅ “The Boxing Computer” ត្រូវបានគេផ្ដួលឲ្យសន្លប់ក្នុងរយៈពេលប្រមាណ១៥ ឆ្នាំមកនេះ ហើយពិភពលោកក៏ភ្ញាក់ផ្អើលដូចគ្នារួមបញ្ចូលទាំង Petchmorakot ទៀតផង។

«ខ្ញុំបានទស្សនាការប្រកួតដែរនៅលើ App របស់ ONE Championship។ នៅពេលនោះ ខ្ញុំមិនដឹងថាអាចជួបគេទេក្រោយកីឡាកររុស្សីផ្ដួល Yodsanklai។ ខ្ញុំមិននឹកស្មានថាជួបរូបគេឡើយ។ វាពិតជាភ្ញាក់ផ្អើលមែនទែន ពេល គេអាចផ្ដួល Yodsanklai។ ខ្ញុំមិនដែលឃើញមិត្តរួមជាតិខ្ញុំត្រូវគេវាយឲ្យសន្លប់ពីមុនឡើយ។ [Yusupov] ពិតជាកីឡាករមានស្នៀតដ៏គ្រោះថ្នាក់មួយ»។ Petchmorakot គូសបញ្ជាក់បែបនេះ។

បន្ទាប់ពីឈ្នះកីឡាករល្បីលំដាប់ពិភពលោក Yusupov កំពុងទន្ទឹងរង់ចាំដើម្បីអភិវឌ្ឍក្បាច់របស់ខ្លួនបន្តទៀត ប៉ុន្តែ Petchmorakot កំពុងរង់ចាំស្ដារកិត្តិយសឡើងវិញសម្រាប់ប្រទេសថៃ។
កីឡាកររុស្សីអាចនឹងប្រើជំនាញម៉ាត់ ប៉ុន្តែកីឡាករវ័យ ២៦ ឆ្នាំ របស់ថៃមិនភ័យខ្លាចនោះឡើយចំពោះការប្រកួត៥ទឹកយកខ្សែក្រវាត់នេះ។

កីឡាករវ័យ ២៦ ពន្យល់ថា ៖«ខ្ញុំមិនគិតថាវាលំបាកសម្រាប់ខ្ញុំនោះឡើយ។ ខ្ញុំត្រូវការពារកណ្ដាប់ដៃរបស់គេ។ ការប្រកួតរបស់ខ្ញុំ គឺសាមញៗ។ ខ្ញុំគិតថា ៥ ទឹកគឺលំបាកបន្តិចសម្រាប់រូបគេដោយសារតែអាយុ។ ផែនការរបស់ខ្ញុំ គឺស្វែងរកចន្លោះប្រហោង និង ស៊កស្នៀតនៅ៣ទឹកដំបូង។ ខ្ញុំមានផលចំណេញច្រើនក្នុងការប្រកួតមួយថៃ។ ខ្ញុំល្អជាង Yusupov ហើយគោលដៅ គឺផ្ដួលឲ្យសន្លប់»។

ទោះជាមានទំនុកចិត្តតែ Petchmorakot មិនទាន់បានឈ្នះខ្សែក្រវាត់ណាមួយពី ONE ទេ។ Petchmorakot មានផែនការលើសង្វៀនបន្ទាប់ពីរូបគេធ្វើការងារធ្ងន់នៅក្លិប Petchyindee Academy ដើម្បីការប្រកួតលើកនេះនិងធ្វើឲ្យអ្នកគាំទ្រទាំងអស់ចងចាំចំពោះការប្រកួតរបស់ខ្លួនលើកនេះ។

Petchmorakot សច្ចាម៉ឺងម៉ាត់ថា៖«កណ្ដាប់ដៃរបស់គេគ្រោះថ្នាក់មែនទែន។ ខ្ញុំមិនអាចប្រហែសបានទេ។ យើងនឹងប្រកួតដោយប្រើហ្កង់តូចៗ ដូច្នេះខ្ញុំមិនបារម្ភទេ។ ខ្ញុំមានទំនុកចិត្ត១០០% លើការប្រកួតនេះ។ ខ្ញុំនឹងធ្វើឲ្យការប្រកួតរំភើប ចលនាបម្លាស់ទី និង មិនឲ្យគេដកឃ្លារួចឡើយ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: WARROR’S CODE ពីក្រុម នៅសុក្រទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី