គ្រាប់បាល់ស៊ុតបញ្ចូលទីជាលើកទី១របស់កីឡាករ Steven Bergwijn បានជួយឲ្យក្រុម Tottenham ដណ្តើមបានជ័យជម្នះដ៏គួរឲ្យកត់សម្គាល់ក្នុងលទ្ធផល ២-០ លើក្រុម Manchester City កាលពីថ្ងៃអាទិត្យ ដើម្បីបង្កើតឲ្យមានការប្រជែងជាថ្មីសម្រាប់កៅអីលេខ៤ក្នុងក្របខ័ណ្ឌ Premier League។

ក្រុមរបស់លោក Jose Mourinho លេងមិនបានល្អឡើយនៅរយៈពេល១ម៉ោងដំបូង ប៉ុន្តែ បានរក្សាការប្រកួតឲ្យស្ថិតក្នុងដៃរបស់ខ្លួន ហើយអ្នកចាំទី Hugo Lloris បានសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតបាល់ប៉េណាល់ទីនៅតង់ទី១ពីសំណាក់កីឡាករ Ilkay Gundogan។

ប៉ុន្តែ ទោះបីជាយ៉ាងណា ការរងពិន័យកាតក្រហមរបស់កីឡាករ Oleksandr Zinchenko បានធ្វើឲ្យមានការប្រែប្រួល ខណៈដែលក្រុម Spurs បានស៊ុតបាល់បញ្ចូលទីតាមរយៈកីឡាករ Bergwijn និង Son Heung-min។

ជ័យជម្នះនេះ ជួយឲ្យក្រុម Spurs ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុមឈរលេខ៤ Chelsea ចំនួន៤ពិន្ទុ។ ការរងបរាជ័យជាលើកទី៦សម្រាប់ក្រុម Man City នៅរដូវកាលនេះ ធ្វើឲ្យក្រុម Liverpool រក្សាការនាំមុខ២២ពិន្ទុដាច់លើកំពូលតារាង និងខិតកាន់តែកៀកក្នុងការឈ្នះពានរង្វាន់លីកជាលើកទី១របស់ពួគេ ក្នុងរយៈពេល៣០ឆ្នាំ។

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Man City បាននិយាយថា៖ «ក្រុម Liverpool មិនអាចបញ្ឈប់បានឡើយ។ យើងបានបាត់បង់ពិន្ទុជាច្រើន ក្នុងការប្រកួត ដូចដែលយើងបានលេងនៅថ្ងៃនេះ»៕