កាសែត Gazzettta dello Sport បានចុះផ្សាយថាអនាគតរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅក្លិប Barcelona កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលក្រោយមានបញ្ហារកាំរកូសមួយចំនួន ហើយគេអាចនឹងចាកចេញពីក្លិបអ្នកមានបុណ្យនៅបញ្ចប់រដូវកាល ២០១៩-២០២០ ដោយមិនមានតម្លៃខ្លួន។

ក្លិបបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា គឺជាក្លិបមួយក្នុងចំណោមក្លិបច្រើនទៀតដែលមានបំណងខ្ពស់ហើយចង់បានកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi មករួមក្រុមដើម្បីពង្រឹងស្ថានភាពនៅពេលប្រកួត។​ សារព័ត៌មាន dello Sport បន្តថាក្លិប Man United បានចូលខ្លួនមកប្រជែងក្នុងការនាំយកខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Lionel Messi។

សារព័ត៌មានកីឡាដ៏ធំរបស់ប្រទេសអ៊ីតាលីមួយនេះបានបន្តឲ្យដឹងទៀតថា បិសាចក្រហមគឺជាក្លិបមួយក្នុងចំណោមក្លិបទាំង៥ ដែលចាប់អារម្មណ៍ចង់បាន Messi។ ក្លិប៤ផ្សេងទៀតដែលដាក់ការចង់បានមកលើ Messi ដែរនោះរួមមាន Man City, PSG, Juventus និង Inter Milan។

ម្ចាស់ពាន Ballon d’Or ៦សម័យកាលត្រូវបានគេដឹងថាមិនសប្បាយចិត្តជាមួយនឹងលោក Eric Abidal នាយកផ្នែកកីឡារបស់ក្លិប Barcelona ដែលបានរិះគន់ទៅលើកីឡាករដែលលោក Ernesto Valverde ដាក់ឲ្យលេងនៅប្រកួតចុងក្រោយ មុនពេលត្រូវបានបណ្ដេញចេញពីតំណែង។ លើសពីនេះទៅទៀត Messi ក៏បានបង្ហោះនៅលើបណ្ដាញសង្គមអំពីការមិនពេញចិត្តទៅនឹងទង្វើរបស់អតីតមិត្តរួមក្រុម Abidal ផងដែរ។

Messi នៅសល់កុងត្រារយៈពេល១៨ខែទៀតនៅកីឡដ្ឋាន Camp Nou ដែលគេទទួលបានប្រាក់ពលកម្ម ១លានផោនក្នុងមួយសប្ដាហ៍ ប៉ុន្តែយោងតាមលក្ខខណ្ឌគេក៏អាចចាកចេញពីក្លិបដោយមិនមានតម្លៃខ្លួនផងដែរនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

យ៉ាងណាមិញ មានមជ្ឈដ្ឋានជាច្រើនបានមើលឃើញថា Messi ទំនងនឹងមិនចាកចេញពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់នោះទេបើទោះបីជាមានហេតុផលអ្វីក៏ដោយ។​គួរឲ្យផងដែរថា នៅរដូវកាលនេះ Messi បង្ហាញខ្លួននៅទីលានបាន២៤ប្រកួត រកគ្រាប់បាល់បានចំនួន១៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១២ដង៕