
Juventus បានត្រៀមចូលរួមប្រជែងក្នុងទីផ្សារទិញដូរកីឡាករនៅរដូវក្តៅខាងមុខនេះដើម្បីចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធក្រុមមេឃខៀវ Manchester City កីឡាករ Leroy Sane មកកាន់ទឹកដីទូរីនមុនរដូវកាល ២០២០-២០២១។
កីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះនៅមានកិច្ចសន្យារយៈពេល ១៨ខែទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួនខណៈកីឡាករជំនាញបម្រើ-ប្រយុទ្ធស្លាបរូបនេះក៏ធ្លាប់មានការចាប់អារម្ម៏ចង់បានពីសំណាក់ក្លឹបយក្ស Bayern Munich តាំងពីដើមរដូវកាល២០១៩-២០២០មកម្លេះ។
ទោះយ៉ាងណាបញ្ហារបួសដ៏រាំរៃ(រហែកសរសៃពួរសាច់ដុំ)របស់ Sane ពេលប្រកួតពានបើករដូវកាល(Community Shield)ដែលធ្វើឱ្យរូបគេបន្តអវត្តមាន ពាក់កណ្តាលរដូវកាលដំបូងទៅហើយ។ ប្រភពពីគេហទំព័រ Calciomercato បានអោយដឹងថាម្ចាស់ជើងឯក SerieA ចង់បានកំលាំងថ្មីមួយ បន្ថែមទៀតដើម្បីយកមកពង្រឹងក្រុមនៅតំបន់បម្រើ-ស្លាបខាងលើមករួមក្រុម។
Sane កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានផ្ទេរពី Schalke ០៤មកកាន់ទឹកដី Etihad Stadium តាំងពីរដូវក្តៅឆ្នាំ២០១៦ ក្នុងតម្លៃផ្ទេរ ៥០.៥លានផោន បង្ហាញខ្លួន ១៣៤ប្រកួតរកបានគ្រាប់បាល់ ៣៩គ្រាប់និង Assist បាន ៤៥លើកផងដែរ។

ប្រភព៖ Foxstarasia
